ឯកឧត្តម ឆាយ ឫទ្ធិសែន និងក្រុមការងារ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែនៅស្រុកពេជ្រាដា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ផ្លូវទាំងពីរខ្សែរួមមាន៖ ខ្សែទី១ ជាប្រភេទផ្លូវក្រាលក្រួសក្រហមមានប្រវែង១៦,៦គីឡូម៉ែត្រ តភ្ជាប់ពីភូមិពូទិត ឃុំប៊ូស្រា ឆ្ពោះទៅកាន់តំបន់ទេសចរណ៍សហគមន៍ការពារធម្មជាតិ ភ្នំណាមលៀរ ស្ថិតក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា និងខ្សែទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១ ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា តភ្ជាប់ពីផ្លូវពេជ្រាដា ទៅកាន់រមនីយដ្ឋានទឹកជ្រោះប៊ូស្រា អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។

គួរបញ្ជាក់ជូនផងដែរថា ខ្សែផ្លូវទាំង២ខ្សែនេះជាផ្លូវយុទ្ធសាស្ត្រដែលជួយបង្កើនសក្ដានុពលបម្រើដល់វិស័យទេសចរណ៍ ដែលតភ្ជាប់ពីក្រុងសែនមនោរម្យ ទៅកាន់រមណីយដ្ឋានណាមលៀរ និងតំបន់រមនីយដ្ឋានឧទ្យាធម្មជាតិប៊ូស្រា ដែលជាកត្តាជម្រុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ កាន់តែល្អប្រសើរឡើងតាមរយៈកំណើនទេសចរណ៍ដែលមកកម្សាន្តនៅរមនីយដ្ឋានទាំងពីរនោះផងដែរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





