ឯកឧត្តម ហេង រតនា៖ កងទ័ពឈ្លានពានថៃ វាយប្រហារប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់ផ្លោង និងគ្រាប់បែកចង្កោម
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥–ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC)នៅយប់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥នេះ បានបង្ហោះសារដោយបង្ហាញការសោកស្តាយយ៉ាងខ្លាំងថា”ពិតជាសង្វេតសោកស្តាយណាស់នៅពេលឃើញប្រាសាទដូនតាខែ្មរគឺប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់ផ្លោង និងគ្រាប់បែកចង្កោម! ។ មនុស្សជាតិលើផែនដីនេះមានកាតព្វកិច្ចរក្សាការពារឱ្យបានគង់វង្សយូរអង្វែងតទៅ!”។

ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាពីកងទ័ពថៃឈ្លានពានថៃក្នុងអំឡុងប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឈ្លានពានសៀម។ក្រុមទ័ពសៀមឈ្លានពានបានប្រើគ្រាប់បែក MK-82 និងគ្រាប់កាំភ្លើងធំ រួមទាំងគ្រាប់បែកចង្កោមដែលត្រូវបានថ្កោលទោសជាអន្តរជាតិ។


គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះកងទ័ពសៀម ដែលបានធ្វើការឈ្លានពាន និងបង្កការខូចខាតដល់តំបន់ជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។



ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយក្រសួងបានចាត់ទុកការវាយប្រហារដោយប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសរបស់ថៃថាជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានលើអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌៕
ដោយ៖មករា





