ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង១៤ នៃខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ --ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាល ក្រុង ស្រុកទាំង១៤ នៃខេត្តបាត់ដំបង ដែលរួមមាន រដ្ឋបាលក្រុងបាត់ដំបង រដ្ឋបាលស្រុកកំរៀង រដ្ឋបាលស្រុកគាស់ក្រឡ រដ្ឋបាលស្រុកថ្មគោល រដ្ឋបាលស្រុកបវេល រដ្ឋបាលស្រុកបាណន់ រដ្ឋបាលស្រុកភ្នំព្រឹក រដ្ឋ បាលស្រុកមោងឫស្សី រដ្ឋបាលស្រុករតនមណ្ឌល រដ្ឋបាលស្រុករុក្ខគិរី រដ្ឋបាលស្រុកសង្កែ រដ្ឋបាលស្រុកសំពៅលូន រដ្ឋបាលស្រុកសំឡូត និងរដ្ឋបាលស្រុកឯកភ្នំ ដោយនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបងនេះត្រូវប្រើប្រាស់ដូចខាងក្រោម៖
ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលក្រុង ស្រុក ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ ឯកសណ្ឋាន និងឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ប្រើប្រាស់ក្នុងពិធីនានា និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗតាមការចាំបាច់។
ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាលបានរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុក ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ និងសម្រេចប្រកាសឱ្យប្រើប្រាស់ជាផ្លូវការចំនួន១៨ខេត្ត សរុប១៤៩ ក្រុង ស្រុក រួមមាន ខេត្តព្រះសីហនុចំនួន៥ ក្រុង ស្រុក ខេត្តស្ទឹងត្រែងចំនួន៦ ក្រុង ស្រុក ខេត្តកំពង់ស្ពឺចំនួន៩ក្រុង ស្រុក ខេត្តកំពង់ចាមចំនួន១០ ក្រុង ស្រុក ខេត្តព្រះវិហារចំនួន៨ ក្រុង ស្រុក ខេត្តពោធិ៍សាត់ចំនួន៨ក្រុង ស្រុក ខេត្តត្បូងឃ្មុំចំនួន៧ ក្រុង ស្រុក ខេត្តប៉ៃលិនចំនួន២ ក្រុង ស្រុក ខេត្តកំពង់ឆ្នាំងចំនួន៨ ក្រុង ស្រុកខេត្តកំពង់ធំចំនួន៩ ក្រុង ស្រុក ខេត្តបន្ទាយមានជ័យចំនួន៩ ក្រុង ស្រុក ខេត្តកណ្ដាលចំនួន១៣ក្រុង ស្រុក ខេត្តតាកែវចំនួន១០ ក្រុង ស្រុក ខេត្តកំពតចំនួន៩ ក្រុង ស្រុក ខេត្តក្រចេះចំនួន៧ ក្រុង ស្រុក ខេត្តកោះកុងចំនួន៧ ក្រុង ស្រុក ខេត្តស្វាយរៀងចំនួន៨ ក្រុង ស្រុក និងខេត្តបាត់ដំបងចំនួន១៤ ក្រុង ស្រុក៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





