ឥណ្ឌា ជួយបណ្ដុះបណ្ដាលមន្ត្រីវ័យក្មេងកម្ពុជាលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីក្រុង Palasamudran ប្រទេសឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ --ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននោះ មន្ត្រីវ័យក្មេងចំនួន២០រូប ត្រូវបានចាកចេញពីកម្ពុជាហើយនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់នៅទីក្រុង Palasamudran ប្រទេសឥណ្ឌា ។


លោក សំរឹទ្ធិ ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានដឹកនាំ បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ គឺជាជំនួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌាក្នុងគម្រោងបណ្ដុះបណ្ដាលមន្ត្រីកម្ពុជានៅលើទឹកដីឥណ្ឌា ដែលមានរយៈពេល១១ថ្ងៃ គឺចាប់ថ្ងៃទី១៨-២៩ ខែសីហា ឆ្នាំ២០២៥ ។


ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះគឺជាលើកទី២ របស់សាធារណរដ្ឋឥណ្ឌា ក្នុងរយៈកាល០៥ឆ្នាំ ចុងក្រោយនេះសម្រាប់មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែល លើកទី១ គឺផ្តោតការងារព្យាបាលអ្នកញៀនគ្រឿងញៀន ដែលប្រព្រឹត្តធ្វើនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី ០៣-១១ ខែកុម្ភៈ ឆ្នាំ២០១៩៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





