អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាបានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការដោះមីនមនុស្សធម៌
AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥–លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅខេត្តត្រាត ប្រទេសថៃ ខាងភាគីកម្ពុជាបានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការដោះមីនមនុស្សធម៌ដោយលើកឡើងថា កិច្ចការនេះអាចវិវត្តន៍ទៅមុខបានគឺអាស្រ័យទៅលើការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ និងការវិលត្រឡប់មកវិញនូវប្រក្រតីភាពនៅតាមខ្សែបន្ទាត់ព្រំដែន។ ការថ្លែងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា មានប្រសាសន៍ថា ដោយសារការកំណត់ខណ្ឌសីមានៃព្រំដែនកំពុងដំណើរការ ដូច្នេះការដោះមីននេះកម្ពុជាអាចចាប់ផ្តើមពិចារណាអនុវត្តបាននៅក្នុងតំបន់ដែលមានការកំណត់ខណ្ឌសីមាច្បាស់លាស់ ឬតំបន់ដែលគ្មានជម្លោះលើខ្សែបន្ទាត់ព្រំដែនដែលមានការឯកភាពគ្នាដោយគណៈកម្មា ធិការព្រំដែនចម្រុះនៃប្រទេសទាំងពីរ កម្ពុជា-ថៃ (GBC) ហើយដោយសារតែគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិ
ភាគ កម្ពុជា-ថៃ (RBC) មិនមានអាណត្តិក្នុងការធ្វើការសម្រេចចិត្តលើកិច្ចការដោះមីននេះបាន ដូច្នេះបញ្ហានេះគួរតែត្រូវបានយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលគ្រោង
ធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយនោះ៕
ដោយ៖ ចាន់ សុភឿន





