កោតសរសើរដល់អាជ្ញាធរឃុំព្រះដំរីដែលបានយកចិត្តទុកដាក់ដល់ពលករដែលធ្វើមាតុភូមិនិវត្តន៍ និងជនភៀសសឹក
AKP កំពង់ធំ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥-- លោក មុយ មុនិន្ទ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី បានកោតសរសើរដល់អាជ្ញាធរឃុំព្រះដំរីដែលបានយកចិត្តទុកដាក់ដល់ពលករដែលធ្វើមាតុភូមិនិវត្តន៍ និងជនភៀសសឹក ក្នុងឱកាសដែលលោក និងក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹក និងពលករទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ នៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក មុយ មុនិន្ទ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងដែលឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទោងរួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះ។


ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមានការជឿជាក់ខ្ពស់ដល់ភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះជាមួយថៃពីបញ្ហាព្រំដែនប្រកបដោយសន្តិវិធីជាជាងការប្រើកម្លាំងយោធា ឬហិង្សាណាមួយ ឬជាចេតនាសង្គ្រាមនោះទេ។

សូមបញ្ជាក់ថាក្នុងឱកាសនេះ លោក មុយ មុនិន្ទ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ចែកជូនដល់ជនភៀសសឹក និងពលករទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃចំនួន ៣៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរ៕
ដោយ ស៊ុម វណ្ណា





