កងទ័ពកម្ពុជា ប្រាប់ភាគីថៃឱ្យចៀសវាងសកម្មភាពណាដែលបង្កឱ្យមានភាពតានតឹង ដោយក្នុងនេះរាប់បញ្ចូលទាំងការរាយបន្លាលួស និងបំផ្លាញផ្ទះប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៥--
កងទ័ពជើងគោកយោធភូមិភាគទី៣របស់កម្ពុជា បានគូសបញ្ជាក់ដល់ភាគីថៃ អំពីភាពចាំបាច់ក្នុងការចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កឱ្យមានភាពតានតឹងកើតឡើងជាយថាហេតុ ដោយក្នុងនេះរាប់បញ្ចូលទាំងការរាយបន្លាលួស និងការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ ជាពិសេសលំនៅឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតណាមួយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បានរៀបចំឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ប្រទេសថៃ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីឯក អភិឆាត សាប់ប្រសើត មេបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគ (RBC)។

ក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារប្រក្រតីភាពឡើងវិញតាមបណ្តោយព្រំដែន កម្ពុជាបានជំរុញឱ្យភាគីទាំង ពីរស្វែងរកវិធានការសំខាន់ៗ និងជាក់ស្តែងដែលអាចអនុវត្តន៍បាន ដើម្បីឱ្យទំនាក់ទំនងលើគ្រប់វិស័យវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញឱ្យបានឆាប់រហ័ស។ សកម្មភាពទាំងនេះនឹងជួយលើកកម្ពស់ភាពជឿជាក់ និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក ហើយក៏អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។
ក្នុងសេចក្ដីប្រកាសបានបន្ដថា ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅ ពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែ ក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងតំបន់យោធា និង បណ្តាយោធភូមិភាគ ព្រមទាំងអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី ដើម្បីចៀសវាងនូវការប៉ះទង្គិចគ្នា៕
ដោយ៖ មករា





