ជំនន់ទឹកភ្លៀងធ្វើឱ្យតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុត្រូវជន់លិច
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥-- តាមការឱ្យដឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ ស្ថានភាពភ្លៀងធ្លាក់ខ្លាំងចាប់ពីយប់ថ្ងៃទី១៥ ខែសីហា បន្តរហូតដល់ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ មិនទាន់បានធូរស្បើយនៅឡើយ។ សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រ អាន ដាមម៉ែន អាងទន្លេមេគង្គលើរបបខ្យល់មូសុងនីរតី ព្រះរាជាណាចក្រកម្ពុជា។


ចំពោះស្ថានភាពទឹកភ្លៀងនេះបង្កឱ្យមានជំនន់ជន់លិចតំបន់ទំនាបមួយចំនួន ដូចជា ម្តុំទួលខ្សាច់ អូរអាចម៍មឹក តំបន់សាលាវ៉េស្ទឺន តំបន់អូរអារ៉េវជាដម។ ទន្ទឹមនោះជំនន់ទឹកភ្លៀងបានបង្កការខូចខាតសម្ភាររបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ ក៏ប៉ុន្តែមិនមានការប៉ះពាល់ដល់អាយុជីវិតទេ ។ នៅតាមបណ្តាផ្លូវថ្នល់មួយចំនួនក្នុងក្រុងក៏មានជន់លិចផងដែរ។

បច្ចុប្បន្ន លោកអភិបាលក្រុងព្រះសីហនុ និងក្រុមការងារកំពុងធ្វើការកាយសំរាមដែលស្ទះផ្លូវទឹកចេញពីអូរ ប្រឡាយ ព្រមទាំងបន្តចុះត្រួតពិនិត្យនៅតាមតំបន់ជន់លិចមួយចំនួន ដើម្បីជួយអន្តរាគមន៍ប្រជាពលរដ្ឋមកកាន់ទីទួលមានសុវត្ថិភាព ក៏ប៉ុន្តែបើស្ថានភាពទឹកភ្លៀងមានការថមថយវិញ ទឹកនឹងហូរស្រកលឿន ដោយសារតែអាជ្ញាធរកំពុងយកគ្រឿងចក្រកាយ ស្ដារសំរាមចេញពីអូរ ប្រឡាយ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងក៏បានហូរច្រោះបាក់ផ្លូវ ទំនប់ក្បាលឆាយ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជាប្រភពទឹកស្អាតផងដែរ៕


ដោយ ងូ សុមុនី





