ព្រះមន្រ្តីសង្ឃស្រុកជីក្រែងធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសលចំពោះវីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា
AKP សៀមរាប ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥-- ព្រះមន្រ្តីសង្ឃស្រុក និងព្រះចៅអធិការគ្រប់វត្តទូទាំងស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ បានប្រារព្ធពិធីបុណ្យបង្សុកូលឧទ្ទិសកុសលដល់វីរកងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ។
ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណស្រុកជីក្រែង បានមានថេរដីកាសម្ដែងនូវការសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់នូវវីរកងទ័ពកម្ពុជាដែលបានពលីជីវិតបូជាដើម្បីការពារព្រំដែនទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហានក្រៃលែង។ ការពលីជីវិតរបស់វីរកងទ័ពកម្ពុជាយើងគឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។


ព្រះអង្គបានបន្ថែមថា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរកងទ័ពពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។


ព្រះអង្គបានសម្តែងការគោរពដឹងគុណជានិច្ចចំពោះពលិកម្មដ៏ធំធេងនេះ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត និងសូមឧទ្ទិសផលបុណ្យទាំងឡាយជូនដល់ វិញ្ញណក្ខន្ធអស់លោកវីរកងទ័ព សូមលោកបានបដិសន្ធិជាខ្មែរឡើងវិញកុំបីខាន។ យើងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សា និងឃុំគ្រងវីរកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាលឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យ និងសុខសុវត្ថិភាពគ្រប់ពេលវេលា៕
ដោយ ឃុត សៅ





