ពលរដ្ឋខ្មែរនៅខេត្តបន្ទាយមានជ័យអំពាវនាវរកយុត្តិធម៌ និងសន្តិភាព
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥-- ប្រជាពលរដ្ឋខ្មែររាប់សិបនាក់ដែលរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង បន្ទាប់ពីទាហានថៃឈ្លានពានបានរាយលួសបន្លាបិទផ្លូវ និងបណ្តេញពួកគេចេញពីផ្ទះសម្បែងដែលធ្លាប់រស់នៅអស់ជាច្រើនឆ្នាំ។ ហេតុការណ៍នេះបានបង្កឱ្យមានការអំពាវនាវយ៉ាងទទូចពីពលរដ្ឋរងគ្រោះ ទៅកាន់ពិភពលោកទាំងមូល ជាពិសេសអង្គការសហប្រជាជាតិ ឱ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងតែមានភាពតានតឹងឡើងវិញ។

ចាប់តាំងពីថ្ងៃទី១២ ខែសីហាមក ជីវភាពរបស់គ្រួសារចំនួន១២គ្រួសារ ដែលមានសមាជិកសរុប៥៩នាក់ ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ។ ពួកគេត្រូវបានទាហានថៃដេញចេញពីផ្ទះសម្បែង ហើយមិនអនុញ្ញាតឱ្យចូលទៅកាន់ទីលំនៅរបស់ខ្លួនវិញបានទេ។ តាមរយៈរបាយការណ៍របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលដឹកនាំដោយក្រសួងព័ត៌មាន ចុះរាយការណ៍ដល់នៅទីតាំងផ្ទាល់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋរងគ្រោះទាំងនោះមានជនពិការ៤នាក់ និងស្ត្រីមានផ្ទៃពោះ២នាក់ផងដែរ។ អ្វីដែលកាន់តែអាក្រក់នោះ របងផ្ទះរបស់ពួកគេត្រូវបានកងកម្លាំងសៀមវាយកម្ទេចចោលទាំងអស់។ រូបភាពដ៏កម្សត់មួយ គឺលោកយាយ នាង ជឿន ដែលមានពិការភាពជើង ត្រូវអង្គុយលើរទេះរុញ ហើយបានត្រឹមសំឡឹងមើលទៅផ្ទះរបស់គាត់ពីចម្ងាយ ទាំងទឹកភ្នែក និងក្ដីឈឺចាប់បំផុត។ នេះជាសក្ខីភាពផ្ទាល់ពីការឈឺចាប់ដែលបង្កឡើងដោយជម្លោះព្រំដែនពីការឈ្លានពានរបស់ទាហានសៀម។


សំឡេងអំពាវនាវមិនមែនមានតែពីមនុស្សពេញវ័យប៉ុណ្ណោះទេ តែថែមទាំងពីកុមារតូចៗផងដែរ។ "ខ្ញុំចង់បានសន្តិភាព ខ្ញុំចង់ទៅសាលារៀន" គឺជាពាក្យពេចន៍ដែលចេញពីបេះដូងដ៏បរិសុទ្ធរបស់កុមាររងគ្រោះ ដែលបង្ហាញយ៉ាងច្បាស់ពីបំណងប្រាថ្នារបស់ពួកគេ ចង់ឱ្យស្ថានការណ៍វិលមកភាពប្រក្រតីវិញ ដើម្បីឱ្យពួកគេបានវិលត្រឡប់ទៅសិក្សារៀនសូត្រដូចកុមារដទៃទៀត។ ការអំពាវនាវនេះមិនត្រឹមតែជាការស្នើសុំសិទ្ធិទទួលបានការអប់រំប៉ុណ្ណោះទេ តែថែមទាំងជាការចង់បានជីវិតរស់នៅដោយសុវត្ថិភាព និងសន្តិភាពពេញលេញផងដែរ។


ដោយយល់ឃើញពីភាពចាំបាច់ក្នុងការរក្សាសន្តិភាព និងបូរណភាពទឹកដី ក្រសួងការពារជាតិកម្ពុជា បានអះអាងសារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ។ កម្ពុជានៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកិច្ចព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៥។ ភាគីកម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ព្រមទាំងប្រទេសម៉ាឡេស៊ី សមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងដើម្បីដោះស្រាយរាល់វិវាទទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងអាស៊ាន។ ជម្លោះព្រំដែនដែលកំពុងកើតមានឡើងនេះដោយការឈ្លានពានពីទាហានថៃ កំពុងតែដាក់សម្ពាធយ៉ាងខ្លាំងមកលើជីវភាពរបស់ប្រជាពលរដ្ឋស្លូតត្រង់ ហើយការអំពាវនាវរបស់ពួកគេមិនមែនត្រឹមតែជាការស្នើសុំសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងសម្រាប់យុត្តិធម៌ និងសន្តិភាពនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរផងដែរ៕
ដោយ ឈុន សារ៉ាត





