អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំដំណើរការសាងសង់បានជាង៨០ភាគរយហើយ
AKP កំពង់ធំ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានទីតាំងនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនេះ បានបញ្ចុះបឋមសីលា និងដំណើរការសាងសង់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិតនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ បើគិតមកដល់ពេលនេះមានរយៈពេល១០៨ថ្ងៃរួចមកហើយ ដោយលទ្ធផលនៃការសាងសង់បានប្រមាណជាង៨០ភាគរយនៃគម្រោងផែនការក្នុងការសាងសង់។ អគារនេះអាចនឹងបញ្ចប់ដំណើរការសាងសង់នៅពាក់កណ្ដាលខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ។

ឯកឧត្តម គង់ កន្នារតន៍ បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ក្រុមជាងសំណង់ និងការយកចិត្តទុកដាក់តាមដានត្រួតពិនិត្យការសាងសង់ពីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជាប់ជាប្រចាំ ធ្វើឱ្យការសាងសង់ប្រកបដោយគុណភាព សោភ័ណភាព និងលឿនរហ័ស ដោយអាចបញ្ចប់ការសាងសង់មុនផែនការកំណត់។ ជាមួយនោះដែរ ឯកឧត្តមក៏បានណែនាំកិច្ចការមួយចំនួនក្នុងការរៀបចំកែលម្អសោភ័ណភាព និងការរៀបចំគ្រឿងបំពាក់ផ្សេងៗ នៅក្នុងអគារសាលប្រជុំ ស្របតាមសេចក្តីត្រូវការក្នុងការបម្រើបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អាគារធ្វើការងារសម្រាប់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលបានយកចិត្តទុកដាក់ដឹកនាំបញ្ជាដោយផ្ទាល់ក្នុងការរៀបចំសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីនិរន្តរភាពការងារ ក្នុងការបម្រើការជូនបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





