ព្រះសង្ឃខេត្តបន្ទាយមានជ័យនាំយកទេយ្យវត្ថុជូនវីរកងទ័ពនៅសមរភូមិទិសប្រាសាទតាមាន់ និងតាក្របី
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- ព្រះសង្ឃ និងពុទ្ធបរិស័ទមកពីខេត្តបន្ទាយមានជ័យ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខទៅចែកជូនដល់វីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយពិធីដ៏មានអត្ថន័យនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ និងដឹកនាំដោយព្រះសមណញាណ ណាប់ ម៉ឺន ព្រះបាឡាត់គុណខេត្តបន្ទាយមានជ័យ រួមជាមួយអាជីវករក្រុងសិរីសោភ័ណជាច្រើនរូប។ អំណោយដែលបាននាំយកទៅរួមមាន អង្ករ ត្រីខ មី ទឹកក្រូច ទឹកបរិសុទ្ធ នំចំណី និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនទៀត។

ក្នុងពិធីប្រគល់អំណោយនោះ ព្រះសមណញាណ ណាប់ ម៉ឺន បានមានសង្ឃដីកាថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកងទ័ពទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តប្រកបដោយស្មារតីអង់អាចក្លាហាន ដើម្បីការពារទឹកដីមាតុភូមិ។ ព្រះអង្គមានសង្ឃដីកាបន្ថែមថា «យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ សូមជួយបីបាច់ថែរក្សាកងទ័ពទាំងអស់ សូមឱ្យចៀសផុតពីគ្រោះថ្នាក់ទាំងពួង សូមឱ្យមានសុខភាពល្អបរិបូរណ៍ដើម្បីបន្តភារកិច្ចការពារជាតិមាតុភូមិ។ ទង្វើរបស់យោធិនគ្រប់រូបគឺជារនាំងការពារសន្តិភាព និងភាពសុខដុមរមនារបស់ប្រជាជនខ្មែរទាំងមូល»។

តំណាងកងទ័ពបានសម្តែងនូវក្តីរំភើបរីករាយ និងអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃ និងពុទ្ធបរិស័ទមកពីខេត្តបន្ទាយមានជ័យ និងបានថ្លែងថា «យើងខ្ញុំទាំងអស់គ្នាសូមគោរពទទួលយកអំណោយទាំងនេះទុកជាកម្លាំងចិត្តដ៏ធំធេងដែលជាការលើកទឹកចិត្តឱ្យយើងមានស្មារតីរឹតតែមោះមុតក្នុងការបំពេញភារកិច្ច។ ទឹកចិត្តសាមគ្គីគ្នារវាងសមរភូមិក្រោយ និងសមរភូមិមុខបានបង្ហាញឱ្យឃើញថា ជាតិខ្មែរទាំងមូលគឺជាគ្រួសារតែមួយ»។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណរបស់ប្រជាជនទូទៅចំពោះវីរភាពរបស់កងទ័ពដែលកំពុងបំពេញភារកិច្ចយ៉ាងលំបាក។ ការចូលរួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សីលធម៌និងភាពកក់ក្តៅដល់វីរកងទ័ពជួរមុខផងដែរ៕
ដោយ ឈុន សារ៉ាត





