ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
AKP កណ្ដាល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- លោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះចំនួន៣គ្រួសារ សមាជិកក្នុងបន្ទុក៩នាក់ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះសម្បែង នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។

លោកជំទាវបានបញ្ជាក់ថា ទោះបីអំណោយដែលបានឧបត្ថម្ភជូនជនរងគ្រោះនាឱកាសនេះមានលក្ខណៈតិចតួច និងពុំអាចឆ្លើយតបទៅនឹងទំហំនៃការរងគ្រោះក៏ពិតមែន ប៉ុន្តែការងារបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសាខាក្នុងការចូលរួមចំណែកជួយដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខរបស់បងប្អូនបានមួយកម្រិតផងដែរ និងពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមអន្តរជាតិ។

អំណោយដែលសាខាបានផ្តល់ជូនក្នុង១គ្រួសារ រួមមាន អង្ករ៥០គីឡូក្រាម មី១កេស កៅស៊ូតង់១ផ្ទាំង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ត្រីខ១យួរ ឃីតសម្ភារប្រើប្រាស់១កញ្ចប់ និងសម្ភារផ្ទះបាយ១ឈុត។ ដោយឡែកចំពោះជនរងគ្រោះ២គ្រួសារដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង សាខាបានឧបត្ថម្ភថវិកាជូនក្នុង១គ្រួសារថវិកាចំនួន៤០ម៉ឺនរៀល។ ចំណែក១គ្រួសារទៀត ដែលបានរងផលប៉ះពាល់ប្រមាណ២០ភាគរយ សាខាបានផ្តល់ថវិកាជូនចំនួន២០ម៉ឺនរៀល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





