សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីឱ្យចុះសួរសុខទុក្ខភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន៤រូប នៅខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន៤រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ។

អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់យុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេរព័ត៌មានគ្រួសារសម្រាប់បញ្ជូនទៅកាន់យុទ្ធជនដែលត្រូវបានទាហានថៃចាប់ខ្លួនជាចំណាប់ខ្មាំងនៅប្រទេសថៃ ដែលការបញ្ជូនសារនេះ គឺធ្វើឡើងតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។

ជាមួយគ្នានេះដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ កាកបាទក្រហមកម្ពុជាបាននាំយកអំណោយដូចជា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





