អគ្គនាយក CMAC ៖ ជប៉ុននឹងផ្តល់ផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងការសាងសង់សារមន្ទីរតេជោសន្តិភាព ដើម្បីបញ្ជាក់ច្បាស់ពីជោគជ័យ និងការប្តេជ្ញាចិត្តនៃការអនុវត្តអនុសញ្ញាមីន
AKP ភ្នំពេញ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥--ក្នុងដើមខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) ពីក្រុងតូក្យូ ប្រទេសជប៉ុន បានចុះមកត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាព និងគុណភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាពដែលត្រូវប្រើប្រាស់ពេលវេលាសាងសង់រយ:ពេល២៤ខែ និងត្រៀមបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈ មណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា ដោយមើលឃើញភាពជាក់ស្តែងនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យមីននេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC ក្នុងការកសាងសារមន្ទីរតេជោសន្តិភាព ដែលមានអគារមេនៃសារមន្ទីរតេជោសន្តិភាពនេះ ជារាងគ្រាប់មីន PMN-2 ធំជាងគេនៅលើពិភពលោក ដើម្បីបញ្ជាក់ច្បាស់ពីជោគជ័យ និងការប្តេជ្ញាចិត្តនៃការអនុវត្តអនុសញ្ញាមីនអន្តរជាតិ Ottawa នៅកម្ពុជា៕




ដោយ៖ មករា





