រដ្ឋាភិបាលជប៉ុន សម្រេចផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដែលមានទឹកប្រាក់ប្រមាណ ១,៨លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥--រដ្ឋាភិបាលជប៉ុន សម្រេចផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដែលមានទឹកប្រាក់ប្រមាណ ១,៨លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួយសង្គ្រោះបន្ទាន់នេះ ជប៉ុន នឹងផ្ដល់ជំនួយមនុស្សធម៌ដូចជាសម្ភារ ចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្ដោះអាសន្នជាដើម តាមរយៈអង្គការអន្ដរជាតិទេសន្ដរប្រវេសន៍(IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ(UNICEF)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនជឿជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងថៃមាន សារៈសំខាន់យ៉ាងខ្លាំងសម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ ប្រទេសជប៉ុនបាន និងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបន្ធូរបន្ថយស្ថានភាពតានតឹង និងអំពាវនាវឱ្យមានការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់។

ជាមួយគ្នានេះដែរ តាមរយៈសាររបស់ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏បានបញ្ជាក់ឱ្យដឹងដែរថា តាមរយៈការផ្ដល់ជំនួយនេះ ជប៉ុនសង្ឃឹមយ៉ាងមុតមាំថា ជីវភាពរស់នៅប្រកបដោយសន្តិភាពរបស់ប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ នឹងត្រូវបានស្ដារឡើងវិញ តាមរយៈការអនុវត្តជំនួយមនុស្សធម៌នេះ។ ឯកឧត្ដមបន្ដថា ជប៉ុននឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកដំណោះស្រាយនៃភាពតានតឹងរវាងប្រទេសទាំងពីរ។

ឯកឧត្ដមឯកអគ្គរាជទូតលើកឡើងថា រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថា នឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។
ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនបានគូសបញ្ជាក់ថា៖ «ខ្លួនខ្ញុំផ្ទាល់ និង វរៈសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា»។
សូមជម្រាបជូនថា សម្រាប់ទឹកប្រាក់ប្រមាណ ១,៨លានដុល្លារអាម៉េរិកនេះ នឹងផ្ដល់ជូនអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ចំនួន ១ ០០០ ០០០ ដុល្លារ ដើម្បីផ្គង់ផ្គង់សម្ភារចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ ជម្រកបណ្តោះអាសន្ន បរិក្ខារថែទាំសុខភាព និងវេជ្ជសាស្ត្រ។ ចំណែក មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)ទទួលបានទឹកប្រាក់ចំនួន ៨០០ ០០០ ដុល្លារ ផ្ដោតលើទឹកស្អាត និងអនាម័យ (WASH) កិច្ចការពារកុមារ ៕
ដោយ៖ រិទ្ធី





