សាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យព្រះសីហនុរាជ ព្រមព្រៀងរួមគ្នាអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើន
AKP សៀមរាប ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- សាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យព្រះសីហនុរាជ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមព្រះអធិបតីភាពសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងឯកឧត្តមបណ្ឌិត សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ ព្រមទាំងថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាកលវិទ្យាល័យទាំងពីរចូលរួមផងដែរ។

លោកសាស្ត្រាចារ្យ ហួត គង់យូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអង្គរ បានថ្លែងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងធ្វើការផ្លាស់ប្តូរគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីសិក្សា ការអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក និងដើម្បីចងសម្ព័ន្ធភាពជាមួយគ្នាលើកិច្ចសហការបណ្តុះស្មារតីស្នេហាជាតិ និងការអប់រំផ្លូវចិត្តតាមទ្រឹស្ដីព្រះពុទ្ធសាសនា ហើយកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ប្រយោជន៍ដល់សមណនិស្សិត ព្រះសង្ឃ សិស្ស និស្សិត និងបុគ្គលិកក្នុងការសិក្សា និងស្រាវជ្រាវផងដែរ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត បានមានថេរដីកាថា ផ្អែកលើកត្តាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង ព្រះពុទ្ធសាសនា វប្បធម៌ បានចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតប្រជាជាតិខ្មែរតាំងពីបុរាណកាលមក ទោះជាមានហេតុការណ៍ចលាចលជាញឹកញាប់ដោយពួកជនបរទេស ចូលលុកលុយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរនៅតែព្យាយាមការពារនិងថែរក្សាព្រះពុទ្ធសាសនា រហូតក្លាយជាប្រទេសពុទ្ធសាសនិកពេញទីហើយទទួលស្គាល់តាមរដ្ឋធម្មនុញ្ញនូវព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋថែមទៀត។

ជាមួយគ្នានោះផងដែរ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរ សម្រាប់គំនិតផ្តួចផ្តើមសម្រាប់ការអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ។ សម្តេចព្រះមហាអរិយវង្សមានព្រះសង្ឃដីកាថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះមានសារសំខាន់ណាស់គឺអាចមានទំនាក់ទំនងល្អជាមួយគ្នាលើវិស័យអប់រំ ការផ្លាស់ប្តូរ បទពិសោធន៍នឹងគ្នាទៅវិញទៅមក ព្រោះសាកលវិទ្យាល័យទាំងពីរសុទ្ធតែធ្លាប់មានបទពិសោធន៍ច្រើន៕

ដោយ ឃុត សៅ





