សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបើកយុទ្ធនាការផ្សព្វផ្សាយ និងចុះដាក់ថ្នាំអាល់ប៊ែតនៅក្នុងក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥--លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីប្រតិបត្តិសាខា អ្នកស្មគ្រ័ចិត្តសាខា និងអាជ្ញាធរមូលដ្ឋានដោយបានសហការជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បើកយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែតនៅក្នុងក្រុងកំពង់សោមចំនួន៣ថ្ងៃ គឺចាប់ពីទី១៤ ដល់ថ្ងៃទី១៦ ក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពងសោមនៃខេត្តព្រះសីហនុ។

លោក សែជូ សុទ្ធិជោតិ បានបញ្ជាក់ថា យុទ្ធនាការដាក់ថ្នាំអាល់ប៊ែតនេះដើម្បីការពារបង្ការជំងឺគ្រុនឈាម និងជំងឺឈឺកគន់ហ្គនយ៉ា (Chikunngunya) ដែលហៅថាជំងឺគ្រុនឈីក ដែលអាចឆ្លងតាមរយៈមូសខ្លាញីខាំ ក្នុងការចុះដាក់អាល់ប៊ែតទៅលើខ្នងផ្ទះប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំង៥របស់ក្រុងកំពង់សោម ខេត្តព្រះសីហនុឱ្យបានគ្រប់ធុង ពាង អាង នៅតាមខ្នងផ្ទះ។

ទន្ទឹមនោះ មន្ត្រីរបស់យើងដោយប្រើប្រាស់ខិតប័ណ្ណផ្សព្វផ្សាយ ហើយយុទ្ធនាការនេះត្រូវបានធ្វើឡើងទៅតាមក្រុមនីមួយៗនៃភូមិ ក្នុងក្រុងកំពង់សោម ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងចូលរួមបំបាត់មូសខ្លាដូចជា៖ ១. សូមចូលរួមកម្ចាត់ដង្កូវទឹក មូសខ្លា និងធានាថា មិនមាន ដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃផ្សេងទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹកឱ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឱ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូជាដើម ។ល។ ២. ត្រូវកម្ចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺថ្ងៃចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជា មួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំ សម្លាប់មូសខ្លា។ ៣.ត្រូវការពារខ្លួន កុំឱ្យមូសខ្លាញីខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។ ៤. បច្ចុប្បន្នករណីជំងឺគ្រុនឈាម និងគ្រុនឈីគ ចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេង ឬចាស់នោះទេ ត្រូវរួស រាន់ស្វែងរកសេវាថែទាំសុខ ភាពដែលនៅជិតអ្នកបំផុត ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់របស់អ្នកមានសញ្ញា ឬសញ្ញាជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេង ទៀត ដូចជាមុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។ គ្រប់ករណីសង្ស័យជំងឺ គ្រុនឈាម និងគ្រុនឈីក មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែនជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខ ភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យ ព្យាបាលជំងឺគ្រុន ឈាម និងគ្រុនឈីកឡើយ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវទៅរកសេវាសុខាភិបាលដែល នៅជិតផ្ទះលោកអ្នកឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ឆ្នាំ២០២៥ នេះ ជំងឺគ្រុនឈាម គ្រុនឈីក បានកើតឡើងជាបន្តបន្ទាប់មកលើកូនក្មេង និងមនុស្សចាស់ដែលមានទារឱ្យយើងមានការប្រុងប្រយ័តខ្ពស់ ជាពិសេសក្នុងរដូវវស្សា៕

ដោយ ងូ សុមុនី





