អភិបាលស្រុកតាំងគោកអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផ្លូវក្រាលគ្រួសក្រហមនៅឃុំទ្រៀល
AKP កំពង់ធំ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ ប្រវែង៨៣៦ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាសបេតុង០,១៥ម៉ែត្រ ស្ថិតនៅភូមិក្តីតាចិន ឃុំទ្រៀល និងផ្លូវក្រាលគ្រួសក្រហមប្រវែង២៥០០ម៉ែត្រ លូចំនួន២កន្លែង ស្លាកសញ្ញា១ផ្ទាំងពីភូមិរំចេកដល់ភូមិស្វាយម្សៅ ស្ថិតឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា ផ្លូវបេតុងនេះពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទ្រៀល ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកតាំងគោកផងដែរ ព្រោះនៅពេលផ្លូវបេតុងនេះពេលសាងសង់រួច និងជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមកពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅទូទាំងឃុំទៅកាន់ទីផ្សារ។ ផ្លូវនេះជាគម្រោងមូលនិធិឃុំដែលរាជរដ្ឋាភិបាលទម្លាក់ថវិកាសម្រាប់អភិវឌ្ឍឃុំតាមតម្រូវការ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលឃុំសម្រេចបានដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំមន្ត្រីរាជការ ពិសេសការចូលរួមនិងសហការបានល្អរបស់ប្រជាពលរដ្ឋទាំងអស់ និងបានជំរុញឱ្យក្រុមហ៊ុន ដែលទទួលការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេសដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។ ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។

លោក ហាក់ ម៉ុងហួត ក៏បានជំរុញឱ្យប្រជាពលរដ្ឋរួបរួមសាមគ្គីគ្នា និងលើកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងប្រឈមមុខជាមួយនឹងការឈ្លានពានទឹកដីពីប្រទេសថៃ និងបានក្រើនរំលឹកនិងលើកទឹកចិត្តដល់អាជ្ញាធរភូមិ ឃុំត្រូវតែសកម្មក្នុងការចុះសួរសុខទុក្ខជន ភៀសសឹក និងពលករចំណាកស្រុកមកពីប្រទេសថៃផងដែរ៕

ដោយ ស៊ុម វណ្ណា





