អភិបាលស្រុកស្ទោងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ដល់ជីវភាពចាស់ជរា និងគ្រួសារងាយរងហានិភ័យ
AKP កំពង់ធំ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ដល់ជីវភាពគ្រួសារចាស់ជរា និងគ្រួសារងាយរងហានិភ័យ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ លោក សាយ គឹមឡម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានជាពិសេសគ្រួសារចាស់ជរា និងគ្រួសារងាយរងហានិភ័យ។ ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពគ្រប់ក្រុមគ្រួសារទាំងអស់ហើយមិនត្រូវបានមើលរំលងឬអាជ្ញាធរពុំបានដឹងថាក្រុមគ្រួសារណាមួយឬមាននរណាម្នាក់ត្រូវបានដាច់ពោះស្លាប់ដោយសារគ្មានអាហារបរិភោគនោះឡើយ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពទូទៅរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ និងជនភៀសសឹកដែលបានភៀសខ្លួនពីសង្គ្រាមឈ្លានពាននៅភ្នំដងរែកមកដល់មូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោក សាយ គឹមឡម បានប្រគល់ជូននូវដល់គ្រួសារចាស់ជរា និងគ្រួសារងាយរងហានិភ័យចំនួន១៧គ្រួសារ ដែលក្នុង១គ្រួសារទទួលបាននូវអង្ករ១បេ ព្រមទាំងមី និងត្រីខផងដែរ៕

ដោយ ស៊ុម វណ្ណា





