អាជ្ញាធរខេត្តកំពង់ឆ្នាំងបន្តទទួលជំនួយ និងឧបត្ថម្ភដល់គ្រួសារកងទ័ព
AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងទ័ព ពលករទើបត្រឡប់មកពីថៃ គ្រួសារជួបការលំបាក និងកុមារដែលឪពុកម្ដាយជាកងទ័ពទាំង២នាក់ឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន នៅខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារ និងសប្បុរសជនជាច្រើននាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅភូមិថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា កងកម្លាំងទ័ពរបស់យើងដែលលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់សៀម។ ពួកយើងខ្ញុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរយុទ្ធជន វីរនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីរបស់យើង។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ពលករ គ្រួសារកងទ័ព ជនភៀសឹក អាជ្ញាធរខេត្តត្រៀមលក្ខណៈរួចជាស្រេច ចូលរួមឧបត្ថម្ភគាំទ្រដល់គ្រួសារកងទ័ព ពលករ ជនភៀសសឹក ចេញពីប្រទេសថៃ និងតំបន់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋបាលខេត្តសូមអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមជាមួយរដ្ឋបាលខេត្តជួយបឧបត្ថម្ភជា ថវិកា សម្ភារប្រើប្រាស់ សម្ភារបរិក្ខាពេទ្យ គ្រឿងទេស ថ្នាំមូស និងគ្រឿងឧបភោគបរិភោគផ្សេងៗ តាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងឧបត្ថម្ភដល់ជនភៀសសឹក ដែលកំពុងត្រូវការជំនួយជាចាំបាច់។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត លោកជំទាវ និងមន្ត្រីអមដំណើរបានផ្ដល់អំណោយ ដល់គ្រួសារកងទ័ព ពលករ ជនភៀសសឹក និងគ្រួសារជួបការលំបាក។ ដោយឡែកកុមារតូច២នាក់ដែលឪពុកម្ដាយជាវីរកងទ័ពឈរជើងនៅទ័ពជួរមុខ ស្នាក់នៅជាមួយជីដូននៅភូមិថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ បានទទួលអំណោយ មានអង្ករចំនួន៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ទឹកសុទ្ធ២យួរ និងថវិកាមួយចំនួន៕

ដោយ បៃ ស៊ីថុន





