សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលទទួលថវិកាពីសប្បុរសជនសម្រាប់ជួយដល់ជនភៀសសឹក
AKP កណ្ដាល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងហេរញ្ញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ បានជួបសម្ដែងការគួរសម និងទទួលអំណោយជាថវិកាពីក្រុមហ៊ុន យី.ដា មេននូហ្វេកឆឺរើ (ខូ.អិល.ធី.ឌី) និងតំណាងកម្មករនិយោជិតនៃក្រុមហ៊ុន យី.ដា មេននូហ្វេកឆឺរើ (ខូ.អិល.ធី.ឌី) ក្នុងនោះ ក្រុមហ៊ុនថវិកាចំនួន ៤ ៨២៤ដុល្លារអាមេរិក និងតំណាងកម្មករនិយោជិតនៃក្រុមហ៊ុនយី ដា មេននូហ្វេកឆឺរើ (ខូ.អិល.ធី.ឌី) ថវិកាចំនួន១៨ ៧៩៨ ៨០០រៀល នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

លោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រុមហ៊ុន យី ដា ព្រមទាំងនិយោជិតទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ក្នុងគោលបំណងជួយដល់ជនភៀសសឹក។ សាខានឹងនាំយកអំណោយដ៏ថ្លៃថ្លាទាំងនេះទៅប្រើប្រាស់ឱ្យចំទិសដៅ និងមានតម្លាភាពបំផុត ស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហមអន្តរជាតិ។

លោកជំទាវហេរញ្ញិកសាខា ក្នុងនាមសមាជិកសមាជិកានៃគណៈកមាធិការសាខាទាំងអស់ សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះសប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាត៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





