សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសពក្មេងលង់ទឹក នៅក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដឹកនាំប្រតិភូសាខា និងអនុសាខាក្រុងតាខ្មៅ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងចូលរួមរំលែកទុក្ខ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ចំនួន១នាក់ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ហាក់ សុខមករា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ អំណោយដែលសាខា និងអនុសាខាក្រុង បាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានសម្តែងការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ អាណាព្យាបាល ទាំងអស់ត្រូវប្រុងប្រយ័ត្ន និងណែនាំចំពោះកូនចៅ ក្នុងរដូវទឹកឡើង កុំឱ្យចុះលេងទឹក ស្រះ ត្រពាំង ប្រឡាយណាមួយឡើយ ដែលបង្កឱ្យមានគ្រោះថ្នាក់ផងដែរ។
សូមបញ្ជាក់ផងដែរថា ករណីលង់ទឹកនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៤៨នាទី។ អំណោយមនុស្សធម៌ដែលប្រតិភូសាខា បានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមាន អង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ២កេស ត្រីខ ២យួរ ទឹកក្រូច ២កេស និងថវិកាចំនួន១លានរៀល។ អនុសាខាក្រុងតាខ្មៅ និងក្រុមកាកបាទក្រហមសង្កាត់កំពង់សំណាញ់ ឧបត្តម្ភអង្ករ១០០គីឡូក្រាម ទឹកសុទ្ធ៦កេស ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី២យួរ មី៣កេស សម្ភារផ្ទះបាយ១ឈុត ទឹកផ្លែឈើ៣កេស សាដក៤ សម្ភារជាច្រើនទៀត និងថវិកាចំនួន២លានរៀល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





