អង្គការ WWF រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលបញ្ចប់គម្រោង អ៊ិល ធី ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- អង្គការ WWF នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាគម្រោង អ៊ិល ធី ស៊ី (LtC) បានរៀបចំឱ្យមានការជួបជុំអ្នកពាក់ព័ន្ធចំនួន ៧៦ នាក់ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីចូលរួមសិក្ខាសាលាស្ដីពី ការឆ្លុះបញ្ចាំងលទ្ធផលបញ្ចប់គម្រោង អ៊ិល ធី ស៊ី (LtC) ដំណាក់កាលទី២ ក្នុងការអភិរក្សជីវៈចម្រុះ អភិបាលកិច្ចល្អ និងការពង្រឹងសហគមន៍មកពីខេត្តគោលដៅរួមមានខេត្តកំពត កោះកុង និងខេត្តមណ្ឌលគិរី។

តាមរយៈបទបង្ហាញ និងការពិភាក្សាតុមូល ដៃគូសហគមន៍បានឆ្លុះបញ្ចាំងពីវិធីសាស្រ្ត និងផ្នែកដែលជោគជ័យបំផុតរបស់គម្រោងសម្រាប់ការកែលម្អនាពេលអនាគត។ គម្រោង អ៊ិល ធី ស៊ី (LtC) គឺជាគម្រោងដែលអនុវត្តដោយ អង្គការ WWF-កម្ពុជា ក្រោមជំនួយមូលនិធីពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ហៅកាត់ស៊ី ហើយនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងអ៊ិល ធី ស៊ី (LtC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការពារសិទ្ធិ និងការកសាងសមត្ថភាពរបស់សហគមន៍ និងសង្គមស៊ីវិល ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

តាមរយៈការអនុវត្តគម្រោង អ៊ិល ធី ស៊ី (LtC) ទាំង២ដំណាក់កាល អង្គការ WWF បានផ្តល់ជំនួយបន្តដល់អង្គការសង្គមស៊ីវិលចំនួន ៤ និងសហគមន៍មូលដ្ឋាន ចំនួន ២៤ ដែលអាចផ្តល់ឱ្យសហគមន៍គ្រប់គ្រងដីព្រៃសហគមន៍ប្រមាណជាជាង ៥៥ ៣៧២ ហិកតា៕


ដោយ ណយ នឿន (ប្រភព៖ WWF)





