ឯកឧត្តម សរ គឹមសាន្ត ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមអ្នកជំនាញការចិននៃគណៈកម្មាការធនធានទឹកឆាងជាំង
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប ទទួលបន្ទុកការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមអ្នកជំនាញការចិន នៃគណៈកម្មាការធនធានទឹកឆាងជាំង (Changjiang Water Resources Commission) ដឹកនាំដោយ Mr. Hu Bo ប្រធានផ្នែក Division Chief of Changjiang Water Resources Commission ដើម្បីពិភាក្សាការងារ និងទស្សនកិច្ចសិក្សាប្រមូលព័ត៌មានក្រោមគម្រោង "Lancang-Mekong Smart Eyes Action-Joint Research on the Technology and Standards Intelligent Hydrological Monitoring in the Mekong River" នៅលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប។

កិច្ចប្រជុំពិភាក្សានេះមានគោលបំណងសំខាន់ចំនួន៤គឺ៖ ទី១. បង្ហាញគម្រោងសហការដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិន "Lancang-Mekong Smart Eyes Action - Joint Research on the Technoloogy and Standards of Intelligent Hydrological Monitoring in the Mekong River"។ ទី២. ការចុះទស្សនកិច្ចសិក្សា ពិនិត្យទីតាំងអាទិភាពសម្រាប់ដំឡើងស្ថានីយត្រួតពិនិត្យកករដីល្បាប់ស្វ័យប្រវត្តិនៅដងទន្លេសាប។ ទី៣. ការងាររៀបចំផែនការ និងការសាងសង់បណ្តាញស្ថានីយជលសាស្រ្ត និងឧតុនិយម នៅអាងទន្លេសាប និងទី៤. អំពីការរៀបចំគម្រោងថ្មី "មជ្ឈមណ្ឌលជាតិធនធានទឹកកម្ពុជា"។

ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏បានពិភាក្សាអំពីសកម្មភាពនៃគម្រោងដែលបានស្នើសុំរួមគ្នាចំនួនពីរ ដែលភាគីទាំងពីរបានរៀបចំដាក់ពាក្យស្នើសុំថវិកាគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ ២០២៦ ខាងមុខ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីចិនបានផ្តល់ការគាំទ្រ និងអញ្ជើញថ្នាក់ដឹកនាំរួមជាមួយមន្រ្តីជំនាញបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាល និងចូលរួមសន្និសីទអន្តរជាតិ នៅសាធារណៈរដ្ឋប្រជាមានិតចិន នាពេលខាងមុខនេះ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





