សម្ដេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដែលត្រឹមតែរយៈពេល៧ខែ មានដល់ទៅប្រមាណ៧ពាន់លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះ រាជាណាចក្រ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានការកើនឡើងយ៉ាងខ្ពស់ ដែលត្រឹមតែរយៈពេល៧ខែ មានដល់ទៅប្រមាណ៧ពាន់លានដុល្លារអាម៉េរិក។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីជំនួបពិភាក្សាការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួបនោះសម្ដេចតេជោបានបង្ហាញនូវក្ដីរីរាយ ដែលបានជួបជាមួយឯកឧត្តម តូ ឡឹម សារជាថ្មីម្ដងទៀត និងសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ទាំងនៅក្នុងក្របខ័ណ្ឌ បក្ស រដ្ឋាភិបាល និងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ មានភាពល្អប្រសើរជាមួយគ្នាយ៉ាងរឹងមាំ។ សម្ដេចតេជោបានបញ្ជាក់ថា ភាពល្អប្រសើររវាងទំនាក់ទំនងកម្ពុជា និងវៀតណាម នេះបានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថេរភាពយូរអង្វែង ដែលជាផ្នែកដ៏សំខាន់ក្នុងការជំរុញនូវទំនាក់ទំនងលើគ្រប់វិស័យ។ សម្ដេចតេជោបានបង្ហាញនូវការពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានការកើនឡើងយ៉ាងខ្ពស់មកដល់ពេលបច្ចុប្បន្ន ដែលត្រឹមតែរយៈពេល៧ខែ មានដល់ទៅប្រមាណ ៧ពាន់លានដុល្លារអាម៉េរិក ដែលនៅក្នុងនោះកម្ពុជាបាននាំចេញទៅវៀតណាមមានប្រមាណជាង ៣៨០០លានដុល្លារ ហើយវៀតណាមនាំចូលមកកាន់កម្ពុជាវិញមានប្រមាណ ៣ ២០០ លានដុល្លារ។
ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានសម្ដែងនូវក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោកាលនៅជានាយករដ្ឋមន្ត្រី ហើយបន្តពូនជ្រុំបន្ថែមទៀតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្ដមក៏បានសម្ដែងនូវការពេញចិត្តផងដែរចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាលំដាប់ ហើយភាគីវៀតណាមនឹងពង្រឹងបន្ថែមទៀតជាមួយនិងកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកាន់តែមានការកើនឡើជាបន្តបន្ទាប់ ដែលគ្រោងសម្រេចបានឱ្យបានទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យកើនឡើងដល់២០ពាន់លានដុល្លារ។

ក្នុងជំនួបនោះដែរ សម្ដេចតេជោបានបញ្ជាក់ថា ក្នុងអំឡុងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចនឹងអញ្ជើញទៅចូលរួមក្នុងខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅប្រទេសវៀតណាម ហើយឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានចាត់ទុកវត្តមានសម្ដេចតេជោនាពេលខាងមុខនេះ គឺឆ្លុះបញ្ចាំងបន្ថែមទៀតអំពីទំនាក់ទំនងរឹងមាំ ដ៏ល្អរបស់កម្ពុជា និងវៀតណាម៕

ដោយ៖ ជឹម ណារី





