អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាដឹកនាំប្រតិភូសមាជិកសរុប៧ប្រទេសចុះពិនិត្យភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអមដំណើរក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានពិនិត្យស្ថានភាពថៃបានរាយបន្លាលួស និងដាក់កង់ឡាន។

ក្រសួងការពារជាតិសូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។


ភាគីកម្ពុជាគឺនៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ថ្មីៗនេះ ដោយធ្វើការជាមួយភាគីថៃ ប្រទេសម៉ាឡេស៊ី សមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕
ដោយ ឈុន សារ៉ាត





