រដ្ឋបាលខេត្តកំពង់ស្ពឺទទួលអំណោយរបស់សប្បុរសជនសម្រាប់ជូនទៅវីរកងទ័ពកងកម្លាំង និងជនភៀសសឹក
AKP កំពង់ស្ពឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានទទួលអំណោយជាសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាពីសប្បុរសជនសម្រាប់ផ្តល់ជូនវីរកងទ័ព ជួរមុខ និងជនភៀសសឹក នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសប្បុរសជន លោកឧកញ៉ា អ្នកឧកញ៉ា ដែលបានផ្តល់អំណោយមនុស្សធម៌ឱ្យរដ្ឋបាលខេត្តជាបន្តបន្ទាប់សម្រាប់យកទៅចែកជូនកងទ័ពជួរមុខ និងជនភៀសសឹក។ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមរភូមិក្រោយ គាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលបាន និងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត រួមទាំងសប្បុរសជនទាំងអស់ បានថ្លែងនូវការអរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់វីរកងទ័ពទាំងអស់ និងបានសរសើរពីភាពអង់អាចក្លាហានប្រយុទ្ធតស៊ូជាមួយទាហានសៀមយ៉ាងអង់អាចក្លាហាន និងមិនចាញ់សត្រូវឈ្លានពានជាដាច់ខាត និងបានប្រឹងប្រែងពុះពារ ជម្នះក្នុងការឈ្លានពានរបស់កងទ័ពសៀមមកលើកម្ពុជា ដោយមិនខ្លាចការនឿយហត់ និងភ័យខ្លាចនោះឡើយ។

ឯកឧត្តមបានថ្លែបញ្ជាក់ថា ចំពោះវីរកងកម្លាំង ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ជាមួយគ្នានេះក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។ ក្នុងនាមប្រជាជនខេត្តកំពង់ស្ពឺ ខ្ញុំសូមជូនពរដល់អ្នកស្រី សុខ ហ៊ុន និងស្វាមី លោក លី ខេង និងភរិយា លោក លីវ វុត្ថា និងភរិយា និងលោក អៀ គឹមសួរ ជាសប្បុរសជនជួបប្រទះពុទ្ធពរ ០៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ លឹម សាន្ត





