អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថាការងារព័ត៌មាននិងសាធារណមតិ ជាការងាររួម មិនមានអ្នកណាជាតួឯកទេ គឺត្រូវសហការគ្នាជាទម្រង់ តួអង្គតែមួយ
AKP ក្រចេះ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិមិនមែនកិច្ចការដែលត្រូវធ្វើជាតួឯកទេ គឺទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធជុំវិញខេត្តទើបទទួលបានជោគជ័យ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សារៈសំខាន់នៃការងារសាធារណមតិ។ នេះគឺជាការថ្លែងរបស់ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ និងជាតំណាងឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីបិទវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅខេត្ដក្រចេះ។

ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិត្រូវកសាងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនិងអាជ្ញាធរ ក្នុងខេត្តរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីត្រៀម ឆ្លើយតបទៅនឹងព្រឹត្តិកាណ៍សាធារណមតិអ្វីមួយអាចនឹងកើតឡើងក្នុងខេត្តរបស់ខ្លួន។ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ការសហការជាប់ជាប្រចាំជាមួយរដ្ឋបាលខេត្ត ជាពិសេសអភិបាលរងទទួលបន្ទុកជាប្រធានអ្នកនាំពាក្យរាជធានីខេត្តនីមួយៗ គឺជារឿងសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ ក្នុងន័យនេះ ការតាមដានក្តាប់សភាពការណ៍ដែលកើតឡើងជាប្រចាំក្នុងខេត្តរបស់ខ្លួន និងទំនោរប្រធានបទ និងរឿងរ៉ាវដែលជជែកក្នុងសាធារណមតិ ដោយត្រូវផ្សព្វផ្សាយពីជំហររបស់រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលរាជធានី ខេត្ត អង្គភាពជំនាញ ពាក់ព័ន្ធនឹងរឿងរ៉ាវសាធារណមតិនីមួយៗ សំដៅធានាការទទួលព័ត៌មានគ្រប់គ្រាន់ ទប់ទល់នឹងព័ត៌មានក្លែងក្លាយ ការបំពុលព័ត៌មាន ហើយរួមចំណែកផ្តល់ជូនពលរដ្ឋនិងសង្គម នូវការរក្សាបានសន្តិសុខ ប្រក្រតីភាព និងភាពសុខសាន្តសម្រាប់ការរស់នៅ។

ឯកឧត្តម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ឱ្យដឹងថា ការងារសាធារណមតិ សំខាន់បំផុតគឺការងារពន្យល់ដល់ប្រជាពលរដ្ឋឱ្យច្បាស់ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលកើតឡើងពីក្រុមណាមួយដែលមានចេតនាបំពុល បង្កចលាចលក្នុងសង្គម។ ឯកឧត្ដមបានអះអាងថា៖ «រឿងសាធារណមតិនេះ មិនមែនជារឿងរបស់មន្ទីរព័ត៌មានតែម្នាក់ឯងទេ ប៉ុន្តែជារឿងរួមរបស់មន្ទីរពាក់ព័ន្ធទាំងអស់ ក្នុងការទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត រដ្ឋមន្ត្រីក្រសួងស្ថាប័ន និងចំពោះមុខប្រមុខរាជរដ្ឋាភិបាល»។

ក្នុងឱកាសនោះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានក៏បានបញ្ជាក់បន្ថែមផងដែរថា សារៈសំខាន់ នៃ ការងារសាធារណមតិនៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថលគឺ ត្រូវគ្រប់គ្រងខ្លឹមសារ ល្បឿន និងមធ្យោបាយផ្សាយបែបឌីជីថល ទើបអាចគ្រប់គ្រងព័ត៌មានឱ្យមានប្រសិទ្ធភាពស្របនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មានគឺ លើកកម្ពស់តួនាទីជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕

ដោយ៖ រិទ្ធី





