មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍លើកឡើងថា៖ ទិន្នន័យស្ថិតិដែលមានគុណភាពល្អគឺជាគន្លឹះសំខាន់សម្រាប់ការកំណត់គោលនយោបាយ ការធ្វើផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្ត
AKP សៀមរាប ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះថា សិក្ខាសាលានេះមានគោលបំណងសំខាន់ក្នុងការពង្រឹងគុណភាពទិន្នន័យស្ថិតិទេសចរណ៍ឱ្យមានភាពទាន់សម័យ ទុកចិត្តបាន និងប្រើប្រាស់បានមានប្រសិទ្ធភាព តាមរយៈការលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់មន្រ្តីជំនាញក្នុងការចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ ទាន់សម័យ និងព័ត៌មានសមស្រប។

ឯកឧត្តមបានបន្តថា ទិន្នន័យស្ថិតិដែលមានគុណភាពល្អគឺជាគន្លឹះសំខាន់សម្រាប់ការកំណត់គោលនយោបាយ ការធ្វើផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តនិងការគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនិន្នាការទីផ្សារ និងការប្រកួតប្រជែងទាំងក្នុងតំបន់ និងអន្តរជាតិ ។ ហើយស្ថិតិទេសចរណ៍ផ្លូវការមានសារៈសំខាន់ ដែលមិនត្រឹមតែបម្រើឱ្យការ ប្រើប្រាស់ក្នុងវិស័យទេសចរណ៍តែមួយប៉ុណ្ណោះទេ តែត្រូវបានវិស័យផ្សេងៗជាច្រើនទៀត ក៏យកមកប្រើប្រាស់ជាសូចនាករវាស់វែងមួយដ៏សំខាន់ក្នុងការធ្វើសេចក្តីសម្រេចការគ្រប់គ្រង ការសិក្សាទីផ្សារ ការវិភាគសេដ្ឋកិច្ច ការដាក់ចេញ ឬ កែសម្រួលនូវគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាពនានាផងដែរ។

ជាមួយគ្នានេះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាបជាគោលដៅទេសចរណ៍សំខាន់របស់ប្រទេសកម្ពុជា មានសម្បត្តិធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រ។ ដូច្នេះ ការមានប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដែលត្រឹមត្រូវ និងទាន់សម័យ គឺជាឧបករណ៍ គាំទ្រសំខាន់សម្រាប់ការអភិវឌ្ឍយុទ្ធសាស្រ្តទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងឆ្លងកាត់បញ្ហាប្រឈមនានាអោយទទួលបានដោយជោគជ័យ។

លោកអភិបាលរងបានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន៣,០០៦,៦០៦នាក់ មានការកើនឡើង៤៨.៥៤% បើធៀបនឹងរយៈពេលដូចគ្ឋាឆ្នាំ២០២៤ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ២,៣៨៧,៨៣៥ នាក់ កើនឡើង៦៥.៨៦% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ភ្ញៀវទេសចរអន្តរជាតិមានចំនួន៦១៨,៧៧១នាក់ កើនឡើង ៥.៨៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕
ដោយ ឃុត សៅ





