រដ្ឋបាលរាជធានីភ្នំពេញបន្ដដឹកអំណោយសប្បុរសជនចែកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក នៅខេត្ដព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញបានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដែលជាតម្រូវការចាំបាច់ ទទួលបានពីសប្បុរជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការរស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ យកប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកប្រចាំខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះសរុបជាង ២០លើកមកហើយ។

ពិធីប្រគល់ និងទទួលបានប្រព្រឹត្ដទៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការស្រាលកងអង្គរក្ស ដោយដឹកនាំដោយ ឯកឧត្ដម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនឯកឧត្ដម ឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងកងអង្គរក្សនៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសខេត្តព្រះវិហារ។
ឯកឧត្ដម អ៊ឹមរ៉ន ហាស្សាន់ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយជាគ្រឿងឧបភោគ និងបរិភោគ ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹកទាំងទិសប្រាសាទព្រះវិហារ និងឧត្តរមានជ័យ ជាច្រើនលើកមកហើយ ខណៈឯកឧត្ដមផ្ទាល់បានដឹកនាំក្រុមការងារចុះនាំយកមកដោយផ្ទាល់ទាំងលើកនេះសរុប៤លើក។ អំណោយទាំងអស់នេះគឺជាទឹកចិត្តដ៏ថ្លៃថ្លាបានពីប្រជាពលរដ្ឋ ដើម្បីប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញសូមអរគុណចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមចែកធនធានតាមលទ្ធភាពរៀងៗខ្លួន ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាន និងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រឡាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ។

ជំនួសមុខឱ្យវីរកងទ័ពដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការងកងអង្គរក្ស សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមកាងារ រដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជននៅរាជធានីភ្នំពេញេ និងអំណោយរបស់រដ្ឋ បាលរាជធានីភ្នំពេញ មកប្រគល់ជូនដល់កងទ័ពជួរមុខ។ ខ្ញុំសូមអរគុណចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្រាប់វីរកងទ័ព ឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយកងកម្លាំងទាំងអស់គ្នា និងបានប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណ ភាពទឹកដីឱ្យបានដាច់ខាត។
សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងអង្គរក្ស នាពេលនេះ មានប្រមាណជិត១០មុខ ដូចជាអង្ករ ខ្ទឹមស ត្រីប្រឡាក់ បាយក្តាំង នំចម្រុះ និងសៀងប្រៃ-ផ្អែម ជាដើម៕
ដោយ សួស សំរិត





