ឯកឧត្តម ខូវ មករា អញ្ជើញបិទវគ្គបណ្តុះបណ្តាល ពី «ស្តី EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៣០នាក់។

ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះជាសកម្មភាពបន្តមួយនៃគម្រោងលើកកម្ពសភាពធន់នៃសន្តិសុខសាយប័រ ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។


វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញសន្តិសុខសាយប័រ តាមរយៈការបណ្តុះបណ្តាលដែលស្របនឹងវិញ្ញាបនបត្រ «EC-Council Certified SOC Analyst (CSA)» ដើម្បីពង្រឹងសមត្ថភាពរបស់អង្គភាពក្នុងការកំណត់អត្តសញ្ញាណកត្តាគំរាមកំហែង ការវិភាគឧប្បត្តិហេតុ និងការឆ្លើយតបនឹងឧប្បត្តិហេតុប្រកបដោយប្រសិទ្ធភាព៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





