ក្រុមហ៊ុន Shanghai Baoye (Cambodia) រៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងសាលា ជាមួយវិទ្យាស្ថានចំនួន៦ មកពីប្រទេសចិន ដើម្បីពង្រឹងការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- នៅក្នុងបរិបទនៃការជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd. បានប្រើប្រាស់កិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងសាលាធ្វើជាតំណភ្ជាប់ការធ្វើសមាហរណកម្មស៊ីជម្រៅរវាងវិស័យឧស្សាហកម្ម និងអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចាក់បញ្ចូលសន្ទុះកម្លាំងធនធានមនុស្សចូលទៅក្នុង "គោលនយោបាយដើរចេញទៅក្រៅប្រទេស" របស់សហគ្រាសចិន។

ក្រុមហ៊ុន Shanghai Baoye (Cambodia) បានសហការជាមួយវិទ្យាស្ថានមកពីប្រទេសចិនចំនួន០៦ មានដូចជា៖ វិទ្យាស្ថានវិជ្ជាជីវៈសំណង់ទីក្រុងខេត្ត Shandong និងវិទ្យាស្ថានវិជ្ជាជីវៈវិស្វកម្មសំណង់ទីក្រុង Chongqing ។ល។ ប្រារព្ធកម្មវិធីកិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងសាលា ដើម្បីឈានដល់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស កម្មសិក្សា និងការហ្វឹកហាត់ជាក់ស្តែង កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

លោក Xiao Haibo អគ្គនាយករងក្រុមហ៊ុន Shanghai Baoye (Cambodia) បានណែនាំអំពីប្រវត្តិនៃការអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុនដល់គណៈប្រតិភូវិទ្យាស្ថាន ហើយក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេសដែលកាន់កាប់ភាគហ៊ុន១០០ភាគរយ ដោយក្រុមហ៊ុន Shanghai Baoye Group ក្រុមហ៊ុន Shanghai Baoye (Cambodia) បានចាក់ឬសយ៉ាងជ្រៅនៅក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំមកហើយ។ លោកអគ្គនាយកបានលើកឡើងថា ក្រុមហ៊ុនមិនត្រឹមតែសម្រេចបាននូវការអនុវត្តគម្រោងដ៏ល្អឥតខ្ចោះជាច្រើនប៉ុណ្ណោះទេ ហើយថែមទាំងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់លើការធ្វើមូលដ្ឋានរូបនីយកម្ម (Localization) នៃប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដែលបង្ហាញពីសមត្ថភាពខ្លាំងក្លារបស់ក្រុមហ៊ុន Shanghai Baoye នៅក្នុងទីផ្សារក្រៅប្រទេស។ ជាមួយគ្នានេះ លោក Xiao Haibo បានបង្ហាញពីគោលនយោបាយរបស់សហគ្រាស ដែលបានយកការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការគាំទ្រដល់ការសាងសង់គម្រោងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ហើយធ្វើការកសាងមូលដ្ឋានរូបនីយកម្មនៃប្រព័ន្ធ បណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការច្របាច់បញ្ចូលគ្នានូវធនធានក្រៅប្រទេសជាមួយនឹងការអប់រំវិជ្ជាជីវៈដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសចិន ដើម្បីផ្គត់ផ្គង់ធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា និងបណ្តាប្រទេសនៃគម្រោងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"។
ក្នុងឱកាសនោះដែរ គណៈប្រតិភូវិទ្យាស្ថានបានកត់សម្គាល់ផងដែរថា ជាមួយនឹងការបន្តធ្វើឱ្យស៊ីជម្រៅនូវការអនុវត្តគម្រោងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិនៃវិស័យអប់រំវិជ្ជាជីវៈរបស់ប្រទេសចិនប្រាកដជានឹងកាន់តែរស់រវើក ហើយគម្រោងបង្កើតសាលារៀននៅក្រៅប្រទេស និងគម្រោងនាំចេញធនធានមនុស្សទៅក្រៅប្រទេសចិនក៏នឹងបន្តកើនឡើងផងដែរ។ នៅពេលអនាគត ភាគីវិទ្យាស្ថាននឹងសហការកាន់តែជិតស្និទ្ធជាមួយសហគ្រាសដែលអនុវត្តន៍ "គោលនយោបាយដើរចេញទៅក្រៅប្រទេស" ដូចជាក្រុមហ៊ុន Shanghai Baoye ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដែលផ្អែកលើតម្រូវការជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការលើវិស័យសមត្ថភាពផលិតកម្មអន្តរជាតិ ដើម្បីផ្តល់ធនធានមនុស្សដែលមានគុណភាពខ្ពស់ជាមួយនឹងជំនាញវិជ្ជាជីវៈពិតប្រាកដ និងទស្សនវិស័យអន្តរជាតិទូលំទូលាយសម្រាប់ការអភិវឌ្ឍមូលដ្ឋាននីយកម្មនៃសហគ្រាស ផ្តល់សេវាកម្មល្អដល់ការពង្រីកខ្លួនទៅក្រៅប្រទេសរបស់សហគ្រាសចិន។
សូមជម្រាបជូនផងដែរថា គណៈប្រតិភូវិទ្យាស្ថានបានចុះទៅពិនិត្យមើលគម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម នរោត្តម (Norodom Business Tower) ដោយផ្ទាល់។ តាមរយៈការសង្កេតនៅនឹងកន្លែង គណៈប្រតិភូបានស្វែងយល់កាន់តែច្បាស់អំពីវិធីសាស្រ្តប្រតិបត្តិការមូលដ្ឋានីយកម្ម សិល្បៈនៃការគ្រប់គ្រងឆ្លងវប្បធម៌ បទដ្ឋានស្តង់ដារសំណង់ក្នុងប្រទេសកម្ពុជា ទិដ្ឋភាពនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងលក្ខខណ្ឌអនុលោមភាពបរិស្ថាននៃគម្រោងក្រៅប្រទេស។ នេះមិនត្រឹមតែផ្តល់នូវករណីជាក់ស្តែងជាច្រើនសម្រាប់វិទ្យាស្ថានក្នុងការធ្វើឱ្យប្រសើរនូវកម្មវិធីបណ្តុះ បណ្តាលធនធានមនុស្សប៉ុណ្ណោះទេ វាក៏ជំរុញឱ្យភាគីទាំងពីរឈានដល់ការឯកភាពគ្នាលើតម្រូវការគុណភាពនៃសមត្ថភាពធនធានមនុស្ស នៅក្នុងបរិបទនៃការអនុវត្តគម្រោងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ។
សម្រាប់កម្មវិធីនេះ គឺជាវិធានការដ៏សំខាន់មួយនៃការអនុវត្តយុទ្ធសាស្រ្តមូលដ្ឋានីយកម្មធនធានមនុស្ស និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងសាលា ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការឈានទៅដល់ការធ្វើសមាហរណកម្មស៊ីជម្រៅច្រើនកម្រិត ច្រើនវិធីសាស្រ្ត និងច្រើនវិស័យនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងសាលា ជំរុញការច្របាច់បញ្ចូលគ្នារវាងធនធានសហគ្រាស និងសាលាប្រកបដោយប្រសិទ្ធភាព ដើម្បីបើកផ្លូវថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការបណ្តុះធនធានមនុស្សឆ្នើម ដែលឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសកម្ពុជា៕
ដោយ៖ រិទ្ធី





