អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ករណីផ្ទុះមីនមិនអាចកើតមានទេ ប្រសិនបើកងទ័ពថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ករណីផ្ទុះមីនមិនអាចកើតមានទេ ប្រសិនបើកងទ័ពថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន ដោយរក្សាកម្លាំងឈរនៅកន្លែងដដែល ក្រោយពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃ២៨ខែកក្កដាឆ្នាំ២០២៥។
ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាវេលាម៉ោង១១ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដោយទទូចជាថ្មីម្ដងទៀត ឱ្យភាគីថៃគោរពអនុវត្តឱ្យបានម៉ឺងម៉ាត់ និងដោយស្មោះត្រង់ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់នេះ ហើយបញ្ឈប់ជាបន្ទាន់នូវការលើកយកបញ្ហាផ្ទុះមីនមកបំភាន់សហគមន៍អន្តរជាតិដើម្បីបិទបាំងការបំពានបទឈប់បាញ់របស់ខ្លួន។
ក្នុងនាមអ្នកនាំពាក្យ ឯកឧត្តម ប៉ែន បូណា បានទាញចំណាប់អារម្មណ៍ប្រជាជនខ្មែរ និងសហគមន៍អន្តរជាតិឱ្យបានជ្រាបថា ថៃកំពុងតែយករឿងផ្ទុះគ្រាប់មីនមកធ្វើជាប្រធានបទដើម្បីចោទទម្លាក់កំហុសលើកម្ពុជា ហើយតាំងខ្លួនជាអ្នករងគ្រោះ ដើម្បីបំភាន់សហគមន៍អន្តរជាតិទាំងដែលតាមពិតទៅកងទ័ពថៃខ្លួនឯងទេដែលចល័តកម្លាំងដោយបំពានកិច្ចព្រមព្រៀងឈប់បាញ់ហើយបានជាន់គ្រាប់មីនដែលនៅសល់ពីសម័យសង្រ្គាម។
ជាក់ស្ដែងដូចដែលយើងបានឃើញទាំងអស់គ្នា កងទ័ពថៃបានធ្វើសកម្មភាពពង្រាយកង់ឡាន រាយបន្លាលួស ចល័តសព្វាវុធ។ល។និង។ល។ ក្នុងអំឡុងពេលកំពុងតែអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ទាំងអស់នេះគឺគឺជាភស្តុតាងដែលមិនអាចប្រកែកបាន។ ដើម្បីឃើញច្បាស់ពីចំណុចទាំងនេះ ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកសាជាថ្មីម្ដងទៀត នូវចំណុចកិច្ចព្រមព្រៀងសំខាន់ពីរំ គឺចំណុចទី២ និងចំណុចទី៤ ក្នុងចំណោមកិច្ចព្រមព្រៀងទាំង១៣ចំណុចដែលមានចែងក្នុងកំណត់ហេតុនែកិច្ចព្រៀងក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មកាធិការព្រំដែនទូទៅកម្ពុជាថៃ(GBC) កាលពីថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ចំណុច២ នោះបានចែងថា ភាគីទាំងពីរព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួន នៅទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនឈរជើងក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន និងមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់បញ្ចូលទាំងការចល័តទ័ពនៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។
ចំណែកឯ ចំណុចទី៤វិញ បានចែងថា ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តិសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ក្នុងនោះរួមមានការធ្វើសកម្មភាពយោធាចូលក្នុងដែនអាកាស បូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត នៅពេលបទឈប់បាញ់ចូលជាធរមាន។ ភាគីទាំងពីរឯកភាពគ្នា មិនធ្វើការសាងសង់ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាឬលេណដ្ឋាន ទៅហួសទីតាំងរបស់ខ្លួនឡើយ៕

ដោយ៖ គង់ សិរីរ័ត្ន





