រយៈពេល៧ខែនេះ CDC អនុម័តក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក
AKP ភ្នំពេញថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥– ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ មានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០ គម្រោង ត្រូវបានអនុម័តក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណ ៣១២ពាន់កន្លែង តាមរយៈការសម្រួលពន្លឿននីតិវិធី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិកត្រូនិច (e-Signature & e-Stamp) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក.អ.ក., ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ, និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី/ខេត្ត។

កម្មវិធីនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបង្ហាញដល់ ក្រសួង/ស្ថាប័ន រដ្ឋបាលរាជធានី/ខេត្ត ឱ្យបានយល់កាន់តែច្បាស់អំពីការប្រើប្រាស់ប្រព័ន្ធ cdcIPM ក្នុងការធ្វើសាមញ្ញកម្មនីតិវិធីផ្តល់សេវា និងការប្រើប្រាស់ឯកសារឌីជីថល ដែលនឹងចូលរួមកាត់បន្ថយការក្លែងបន្លំឯកសារសាធារណៈដោយមានភ្ជាប់ជាមួយការផ្ទៀងផ្ទាត់ឯកសារតាមថ្នាលបច្ចេកវិទ្យាឌីជីថល និងមានអនុលោមភាពតាមច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តនានា រួមមានជាអាទិ៍៖ ច្បាប់ស្តីពីវិនិយោគ, ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អនុក្រឹត្យលេខ១៣៩ ស្តីពីការអនុវត្តច្បាប់វិនិយោគ និងអនុក្រឹត្យលេខ៥១ ស្តីពីថ្នាលផ្ទៀងផ្ទាត់ទិន្នន័យ verify.gov.kh ជាពិសេសគឺការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការចំណេញពេលវេលាតាមរយៈការប្រើប្រាស់ប្រព័ន្ធ cdcIPM ដែលផ្តល់លទ្ធភាពឱ្យថ្នាក់ដឹកនាំ ក.អ.ក. មន្ត្រីបច្ចេកទេស ក៏ដូចជាវិនិយោគិនអាចបំពេញភារកិច្ច និងដាក់ពាក្យស្នើសុំបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាក់ស្តែងរូបឯកឧត្តមផ្ទាល់បានអនុម័តគម្រោងពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដូចជា៖ អំឡុងពេលធ្វើដំណើរតាមរថភ្លើងពីទីក្រុងប៉ារីស មកទីក្រុងឡុងដ៍ក្នុងអំឡុងពេលបំពេញបេសកកម្មទាក់ទាញវិនិយោគនៅតំបន់អ៉ឺរ៉ុប, អំឡុងពេលធ្វើដំណើរតាមយន្តហោះត្រឡប់មកពីបំពេញបេសកកម្មនៅសហរដ្ឋអាម៉េរិកជាដើម។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ ក.អ.ក. ក្នុងការទាក់ទាញវិនិយោគ និងការសម្រួលពន្លឿននីតិវិធី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ មានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០ គម្រោងត្រូវបានអនុម័ត ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណ ៣១២ពាន់កន្លែង។ ចំនួនគម្រោងដែលបានអនុម័តក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ ជាតួលេខដែលច្រើនជាងរយៈពេល ១២ខែពេញ នៃឆ្នាំ២០២៤ ហើយក៏ជាតួលេខខ្ពស់ជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិការងារជាង៣០ឆ្នាំ បន្ទាប់ពីបង្កើត ក.អ.ក. ។
គួររម្លឹកដែរថា៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធ cdcIPM នៅក្នុងខែសីហា ឆ្នាំ២០២៤ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក(e-Signature) និងត្រាអេឡិចត្រូនិក(e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងជាផ្លូវការ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៥៦/២៥ ក.អ.ក. ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ សូមជម្រាបដែរថា ក្នុងរយៈពេលជិតមួយឆ្នាំដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdcIPM មានការដាក់ពាក្យស្នើសុំវិនិយោគតាមរយៈប្រព័ន្ធនេះមានចំនួន ៣៨២គម្រោង ក្នុងនោះបានអនុម័តចំនួន ៣២៨គម្រោង៕
ដោយ៖ ចរិយា ប្រភព៖ CDC





