អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំប្រតិភូសមាជិកសរុប៧ប្រទេស ជួបពិភាក្សាការងារជាមួយមេបញ្ជាការយោធភូមិភាគទី៥ ក្នុងខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥--ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរៈសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេស ព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានជួបពិភាក្សាការងារជាមួយឯកឧត្ដមឧត្ដសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅក្នុងខេត្ដបាត់ដំបង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង បានជម្រាបជូនប្រតិភូអនុព័ន្ធយោធាតំណាងទាំង៧ប្រទេសអំពីបច្ចុប្បន្នភាព និងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយពីចូលជាធរមាននូវបទឈប់បាញ់ ដែលបានសម្រេចកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឱ្យដឹងថា កម្ពុជាសូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ ជាមួយគ្នានេះ កងកម្លាំងកម្ពុជាបានគោរពយ៉ាង ម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នាទាំង១៣ចំណុច កាលពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។

សូមជម្រាបជូនថា អនុព័ន្ធយោធាដែលមានតំណាងមកពីប្រទេស ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងនោះ រួមមនា៖១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥) ២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន និង៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)៕

ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





