អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជាពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅឃុំផាន់ញ្ចើម
AKP កំពង់ធំ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥-- លោក សេង សំអាង អភិបាលរងស្រុកតំណាងលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យព្យាបាលជំងឺទូទៅ ចែកថ្នាំ វាស់ភ្នែក ចែកវែនតានិងពិនិត្យសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋនៅឃុំផាន់ញ្ចើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំដោយឥតគិតថ្លៃ។

ការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សហការរៀបចំដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកប្រាសាទបល្ល័ង្ក និងអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា។

លោក ហ៊ុន សុខុម ប្រធានអង្គការ ព័ន្ធកិច្ចគ្រិសបរិស័ទកម្ពុជា បានសំណូមពរដល់បងប្អូនដែលមកថែរក្សាអ្នកជំងឺ និងអ្នកជំងឺផ្ទាល់សូមរក្សាអនាម័យបីប្រការគឺ"ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត" ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ឧស្សាហាត់ប្រាណដើម្បីសុខភាពរយៈពេល៣០នាទីក្នុង០១ថ្ងៃ សម្រាកឱ្យបានគ្រប់គ្រាន់ ហូបចំណីអាហារឱ្យបានទៀងទាត់ និងទទួលទានថ្នាំតាមលោកគ្រូអ្នកគ្រូពេទ្យដែលបានកំណត់។

លោក សេង សំអាង បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលជំងឺ នៅពេលនេះគឺដើម្បីលើកម្ពស់សុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅក្នុងឃុំដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ បើមានជំងឺឈឺថ្កាត់ត្រូវទៅកាន់ពេទ្យ ត្រូវការចំណាយប្រាក់ ត្រូវការចំណាយពេលវេលា មិនបានទៅធ្វើការ ទៅរៀនសូត្រ រកស៊ី ឬធ្វើស្រែចំការនោះទេ។ពេលមានបញ្ហាផ្នែកសុខភាព ត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាលជំងឺឱ្យបានទាន់ពេលវេលា ចៀសវាងការប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើឱ្យប៉ះពាល់ដល់សុខភាព។

លោកអភិបាលស្រុកបានបញ្ជាក់ថាបញ្ហាចំពោះមុខ ដែលកម្ពុជាយើងត្រូវបានចោរសៀមឈ្លានពានទឹកដីនៅតាមព្រំដែន ក្នុង តំបន់ភ្នំទ្រព្យ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំជាដើម ធ្វើឱ្យកងទ័ពយើង ពលីនិងរបួស ជាច្រើន រហូតដល់ចាប់កងទ័ពយើងធ្វើជាចំណាប់ក្រោយពេលមានបទឈប់បាញ់ ប្រជាជនជាច្រើននាក់ត្រូវ ជំលៀសរកទីតាំងមានសុវត្ថិភាព។ ក្នុងបរិបទនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគិតគូដល់បងប្អូនប្រជាពលរដ្ឋនិងវិរកងទ័ពជានិច្ច។ ប្រទេសកម្ពុជាត្រូវការសន្តិភាព Cambodia need peace កម្ពុជាមិនឈ្លានពាន ទឹកដីអ្នកណាទេ តែកម្ពុជាក៏ត្រូវរក្សាបូរណភាពទឹកដីរបស់ខ្លួន។

ជាក់ស្តែងក្នុងបេសកកម្មនៅស្រុកប្រាសាទបល្ល័ង្កលើកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជាបានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដែលផ្តល់ជូនរួមមានជំងឺទូទៅ ពិនិត្យបឋម និងវាស់សំពាធឈាម ជំងឺកុមារ ជំងឺមនុស្សចាស់ ជំងឺសសៃរឈាម និងបេះដូង អេកូបេះដូង ជំងឺសន្លាក់និងវះកាត់តូច ជំងឺភ្នែក ផ្តល់វ៉ែនតាតាមដឺក្រេភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក បំពាក់ឧបករណ៍ជំនួយការស្តាប់ ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្រ្តី និងពិនិត្យផ្ទៃពោះ មន្ទីរពិសោធន៍ចល័ត អប់រំសុខភាពសាធារណ:អប់រំសុខភាពកុមារ ក្រោមពាក្យស្លោក សុខទុក្ខកូនៗ ជាសុខទុក្ខរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋ ជាពិសេសលោកតា លោកយាយបានសម្ដែងនូវសេចក្តីសប្បាយរីករាយ ថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបល្ល័ង្ក និង អង្គការ ព័ន្ធកិច្ច គ្រិស្តបរិស័ទដែលបានចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញៗ មានសម្ភារ:បរិក្ខារវេជ្ជសាស្រ្ត និងថ្នាំពេទ្យល្អៗមកពិនិត្យ ព្យាបាល វះកាត់ជូនពួកគាត់ដោយឥតគិតថ្លៃដល់មូលដ្ឋាន និងសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅតំបន់ជនបទ និងសំណូមពរឱ្យមានកម្មវិធីនេះជារៀងរាល់ឆ្នាំផងដែរ៕
ដោយ ស៊ុម វណ្ណា





