ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ទទួលជួបប្រតិភូក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្រ្ទី ឯ.ក លើការស្នើសុំវិនិយោគ នៅខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្រ្ទី ឯ.ក លើការស្នើសុំវិនិយោគ នៅខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនប្រតិភូ អំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ដែលមានគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព តាមរយៈការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី ទាំងផ្នែកសារពើពន្ធ និង មិនមែនសារពើពន្ធ នៅខេត្តភូមិភាគឦសានទាំង ៤ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្រ្ទី ឯ.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Energy Engineering Group Co., Ltd. (CEEC) ដែលមានទីស្នាក់ការនៅរដ្ឋធានីប៉េកាំង ប្រទេសចិន មានសាខាចំនួន ២៥៦ កន្លែង ក្នុងប្រទេសចំនួន ១៤០ និងមានជំនាញវិនិយោគលើឧស្សាហកម្មថាមពល និងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក ដែលមានទ្រព្យសកម្មចុះបញ្ជីក្នុងឆ្នាំ២០២៤ ប្រមាណ១ ០០០ ពាន់លានដុល្លារអាមេរិក មានបុគ្គលិកបម្រើការ ១៤ ម៉ឺននាក់ និង បានជាប់ក្នុងបញ្ជី Fortune Global 500 ចំនួន ១០ ឆ្នាំជាប់គ្នា។ ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្រ្ទី ឯ.ក មានបំណងវិនិយោគលើគម្រោងសាងសង់កំពង់ផែពហុបំណង ស្ថិតក្នុងស្រុកព្រែកប្រសប់ ខេត្តក្រចេះ ជាមួយទុនវិនិយោគ៣៥លានដុល្លារ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់បម្រើដល់ការវិនិយោគ និង ការដឹកជញ្ជូនកសិផល។

គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី។

តាមរយៈនេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ “ច្រកចេញចូលតែមួយ” ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕

ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)





