ឯកឧត្ដម ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥-- តាមប្រភពពីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ថា តបតាមការអញ្ជើញរបស់ ឯកឧត្ដម Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង “កិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥” (ASEAN AI Malaysia Summit 2025) ដែលកម្មវិធីបើកកិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះរៀបចំឡើងដោយក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី ដើម្បីបង្ហាញអំពីការអភិវឌ្ឍនិងជំរុញកិច្ចសហការផ្នែកបញ្ញាសិប្បនិម្មិតនៅអាស៊ាន ជាពិសេសកិច្ចខំប្រឹងប្រែង និងសមិទ្ធផលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពីរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃបណ្តាប្រទេសអាស៊ាន អង្គការអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ៥ ០០០ នាក់។


ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាជាមួយសមភាគីប្រទេសម៉ាឡេស៊ី និងប្រទេសព្រុយណេ ដោយបានចែករំលែកអំពីការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីបម្រើទិសដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា អាទិភាពផ្នែកសុវត្ថិភាពបញ្ញាសិប្បនិម្មិតនៅកម្ពុជា និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មអភិបាលកិច្ចបញ្ញាសិប្បនិម្មិតក្នុងតំបន់ ជាអាទិ៍តាមរយៈការរៀបចំក្របខ័ណ្ឌគតិយុត្ត និងគោលនយោបាយផ្នែកកិច្ចការពារទិន្នន័យបុគ្គល សន្តិសុខសាយប័រ បច្ចេកវិទ្យាក្លោដ អភិបាលកិច្ចទិន្នន័យ និងសីលធម៌បញ្ញាសិប្បនិម្មិត។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើប្រធានបទ “អភិក្រមរួមរបស់អាស៊ានសម្រាប់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវនិងទំនុកចិត្តឌីជីថល”។ ដើម្បីពង្រឹងកិច្ចសហការនិងចែករំលែកដំណើរការបរិវត្តកម្មឌីជីថល ឯកឧត្ដមរដ្ឋមន្រ្តីបានជួបប្រជុំទ្វេភាគីដោយឡែកពីគ្នាជាមួយឯកឧត្ដម Gobind Singh Deo ឯកឧត្ដម Pengiran Dato Shamhary Pengiran Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងគមនាគមន៍ព័ត៌មាននៃប្រទេសព្រុយណេ ឯកឧត្ដម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសទីម័រ និងឯកឧត្ដម David L. Almirol អនុរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃប្រទេសហ្វ៊ីលីពីន។


ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសម្ដែងការគួរសមដោយឡែកពីគ្នាពីសំណាក់លោក Terry He នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកនៃក្រុមហ៊ុន Huawei និងលោក Khailee Ng នាយកក្រុមហ៊ុន 500 Global ដែលជាក្រុមហ៊ុនវិនិយោគលើធុរកិច្ចថ្មីផ្ដោតលើវិស័យឌីជីថល។ ជំនួប និងកិច្ចប្រជុំទាំងនេះមានគោលបំណងពង្រឹងទំនាក់ទំនងក្នុងតំបន់ និងស្វែងរកការគាំទ្រនិងចូលរួមក្នុងគម្រោងសំខាន់ៗពាក់ព័ន្ធនឹងវិស័យឌីជីថលនៅកម្ពុជា សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលរឹងមាំ រស់រវើក និងប្រកបដោយទំនុកចិត្ត៕
ដោយ ណយ នឿន





