ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យក្រុមនិស្សិតចិនផ្សព្វផ្សាយពីសមិទ្ធផលកម្ពុជា រួមជាមួយការងារបោសសម្អាតមីនឱ្យពិភពលោកបានដឹង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យក្រុមនិស្សិតចិនជួយផ្សព្វផ្សាយពីសមិទ្ធផលនានារបស់កម្ពុជាដែលសម្រេចបានកន្លងមក ជាមួយការងារបោសសម្អាតមីនទៅឱ្យពិភពលោកបានដឹង។ ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះខណៈឯកឧត្ដមទទួលជួបសម្ដែងការគួរសមក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់និស្សិតចិននៅកម្ពុជា ដោយបច្ចុប្បន្នក្រុមនិស្សិតទាំងនេះកំពុងសិក្សានៅសហរដ្ឋអាមេរិកស្រាប់។ ជំនួបនេះបានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅស្នាក់ការអាជ្ញាធរមីន។

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Global Sunshine Group ដែលបាន និងកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា។ អាជ្ញាធរមីនក៏បានធ្វើបទបង្ហាញសង្ខេបអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនរយៈពេលជាង៣០ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគាំពារដល់សុខសន្តិភាពនៅកម្ពុជា។


ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការមួយដ៏ចាំបាច់បន្ទាប់ពីការបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន ប៉ុន្តែការបោសសម្អាតមីននេះអាចដំណើរការបានគ្រប់ជ្រុងជ្រោយ គឺដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ដើម្បីដោះស្រាយបញ្ហាមីនដែលនៅសេសសល់ រាជរដ្ឋាភិបាលអាណត្តិទី៧របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបន្តគាំទ្រ និងដឹកនាំឥតងាករេ ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ដែលអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។


ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ដថា ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួនការរួមចំណែករបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយហានិភ័យនៃសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់។ជាមួយគ្នានេះឯកឧត្ដមក៏បានស្នើឱ្យក្រុមនិស្សិតចិនដែលមកទស្សនកិច្ចនៅកម្ពុជា សូមគាំទ្រ និងចូលរួមផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង រាល់សមិទ្ធផលសម្រេចបាននានារបស់កម្ពុជានាពេលកន្លងមក រួមទាំងការងារសមិទ្ធផលបោសសម្អាតមីនផងដែរ៕
ដោយ សួស សំរិត





