ឯកឧត្តម ចាន់ សុវុឌ្ឍ ផ្តល់ការណែនាំមួយចំនួនដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរបស់រដ្ឋាភិបាលប្រទេសហុងគ្រី ចិន ជប៉ុន និងអៀរឡង់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរបស់រដ្ឋាភិបាលប្រទេសហុងគ្រី ចិន ជប៉ុន និងអៀរឡង់ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានផ្តល់ការណែនាំមួយចំនួនមុនពួកគេចេញទៅបន្តការសិក្សានៅតាមបណ្តាប្រទេសទាំងនេះ ដោយបានជំរុញឱ្យនិស្សិតជ័យលាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ចាប់យកជំនាញច្បាស់លាស់ និងផ្តោតការយកចិត្តទុកដាក់លើការសិក្សារៀនសូត្រលើជំនាញបច្ចេកទេសផ្ទាល់ និងភាសាបរទេសផងដែរ។


តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេសនាពេលនេះ និងបានជូនពរពួកគេឱ្យទទួលបានជោគជ័យក្នុងការសិក្សា ដើម្បីយកចំណេះ ដឹងមករួមចំណែក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយថាក្នុងអំឡុងពេលនៃការសិក្សានៅតាមបណ្តាប្រទេសដែលបានផ្តល់អាហារូបករណ៍ទាំងឡាយខាងលើ និស្សិតម្នាក់ៗត្រូវស្វែងយល់ពីវប្បធម៌ ប្រពៃ ណីរបស់សាមីប្រទេស និងចូលរួមផ្សព្វផ្សាយនូវវប្បធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជាផងដែរ ដើម្បីបង្កើនការយល់ដឹង និងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





