ប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជនជួបពិភាក្សាជាមួយប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដែលដឹកនាំដោយលោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងស្ថានភាពនៃឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា និងបញ្ហាប្រឈមនានា ក្នុងបរិការណ៍ដែលមានការបំពាន ឈ្លានពាន និងរំលោភបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពីសំណាក់ប្រទេសថៃ នៅតាមតំបន់ព្រំដែន។

ក្នុងឱកាសនោះ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងបានគាំទ្រ និងជំរុញឧស្សាហកម្មស៊ីម៉ងត៍នៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ លោកអគ្គលេខាធិការបានគោរពរាយការណ៍ជូនអង្គជំនួបពិភាក្សាអំពីវឌ្ឍនភាព និងស្ថានភាពនៃឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា រួមទាំងបញ្ហាប្រឈមនានា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរបស់ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា តាមរយៈការវិនិយោគ ការបង្កើតការងារ ការបណ្តុះបណ្តាលកម្មករជំនាញ ការបង់ពន្ធជូនរដ្ឋ និងសកម្មភាពសង្គមជាច្រើនទៀត។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានជំរុញសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាឱ្យសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាននៃក្រុមការងារ ដើម្បីប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាពសម្រាប់ឧស្សាហកម្មស៊ីម៉ងត៍នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





