សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យចុះជួយគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ០២៥-- សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខា និងក្រុមការងារ បានចុះចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន១៤គ្រួសារ ស្ថិតក្នុង៤ភូមិនៃឃុំគោករមៀត ស្រុកថ្មពួក នាព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក បឹង គឹមសឹង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនទុកនរណាម្នាក់ចោលឡើយ។ លោកក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិមួយនេះ។


សូមបញ្ជាក់ថាគ្រួសាររងគ្រោះទាំង១៤គ្រួសារ ដែលទទួលអំណោយនៅវត្តហេមវន្ត បឹងត្រកួន រួមមាន ភូមិបន្ទាយមានឫទ្ធិ ៣ គ្រួសារ ភូមិត្រពាំងសំរោង៥គ្រួសារ ភូមិសាមគ្គី៤គ្រួសារ ភូមិផ្លូវបំបែក២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម, មីជាតិ១កេស, ត្រីខ១ យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មុង១, ភួយ១, សារុង១, ក្រមា១ និងថវិកាមួយចំនួនផងដែរ។សកម្មភាពមនុស្សធម៌នេះគឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការជួយសង្គ្រោះទាន់ពេលវេលារបស់កាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ៕
ដោយ ឈុន សារ៉ាត





