បុគ្គលិកក្រុមហ៊ុន ONTIME INDUSTRIAL CO., LTD ទទួលបានការបណ្តុះបណ្តាលវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋម
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥--បុគ្គលិកក្រុមហ៊ុន ONTIME INDUSTRIAL CO., LTD បានទទួលការបណ្តុះបណ្តាលវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋមដោយបង់ថ្លៃពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយវគ្គបណ្តុះបណ្តាលនេះបានធ្វើនៅសាលប្រជុំក្រុមហ៊ុន ONTIME INDUSTRIAL CO.,LTD ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយមានបុគ្គលិក និងកម្មករ ចូលរួមក្នុងវគ្គសរុបចំនួន១០នាក់ ស្រី៣នាក់។

លោក ចេង ម៉ីន មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឱ្យដឹងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនាពេលនេះគឺចង់ឱ្យបុគ្គលិក និងកម្មកររបស់ក្រុមហ៊ុន ONTIME INDUSTRIAL CO., LTD ចេះប្រើប្រាស់ម៉ាស៊ីនវាយតម្លៃដំណើរការចង្វាក់បេះដូងឡើងវិញ (AED) Automated external defibrillator និងវិជ្ជាសង្គ្រោះបឋមមួយថ្មីថែមទៀត ក្នុងការជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងពេលមានបញ្ហាគ្រោះថ្នាក់ដោយចៃដន្យក្នុងប្រការណាមួយ ទាំងនៅក្នុងក្រុមហ៊ុន កន្លែងបំពេញការងារផ្សេងៗ និងទាំងក្នុងសហគមន៍ជាដើម។

ឆ្លៀតក្នុងឨកាសនោះលោកក៏បានធ្វើការផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ បដិរូប និងសុខភាពជូនដល់សិក្ខាកាម ដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាពិសេសការថែទាំសុខភាពប្រចាំថ្ងៃ។

ចំពោះមេរៀនដែលលើកយកមកសិក្សាក្នុងវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមរួមមាន៖ ១.ការយល់ដឹងពីកាកបាទក្រហម (ប្រវត្តិគំនិត១ សមាសភាគរបស់ចលនា បដិរូប និងសញ្ញាសម្គាល់ គោលការណ៍គ្រឹះរបស់ចលនា ប្រវត្តិ និងសកម្មភាពរបសកាកបាទក្រហមកម្ពុជា) ២. វិជ្ជាសង្គ្រោះបឋម (តួនាទីអ្នកសង្រ្គោះ និងគោលការណ៍គ្រឹះ សភាពស្ហុក សន្លប់បាត់ស្មារតី ការដាក់ដំណេកសុវត្ថិភាព សន្លប់បាត់ដង្ហើម ការធ្វើ CPR ស្លាក់ របួសស្រាល ធ្ងន់ ការហូរឈាម បាក់ឆ្អឹង និងការដឹកជញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យជាដើម)៕


ដោយ ងូ សុមុនី





