អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ សភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងគិតមកដល់ពេលនេះកងទ័ពកម្ពុជាដែលថៃចាប់ខ្លួន ដោយខុសច្បាប់មានរយៈពេល១៥ថ្ងៃហើយ
AKP ភ្នំពេញ ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥--អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងថា គិតចាប់ពីម៉ោង១២ រំលងអាធ្រាត្រថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥ មកដល់ម៉ោង៦៖០០នាទី ព្រឹកថ្ងៃនេះ សភាពការណ៍ជួរមុខនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំងរបស់កម្ពុជាគឺស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៧៖៥០ នាទី ក្រោយឈប់បាញ់ភ្លាមៗកងកម្លាំងរបស់កម្ពុជាត្រូវបានកងទ័ពថៃចាប់ខ្លួន ដោយខុសច្បាប់ គិតមកដល់ពេលនេះមានរយៈពេល១៥ថ្ងៃហើយ។ លោកជំទាវឧត្តមសេនីយ៍ឯក បានលើកឡើងថា កម្ពុជាស្នើឱ្យភាគីថៃឆាប់បញ្ជូនកងកម្លាំងកម្ពុជាទាំង ១៨រូប ឱ្យត្រឡប់មកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវដ៏ទទូចរបស់បណ្តាប្រទេសដៃគូ និង ស្ថាប័នអន្តរជាតិជាច្រើន។
លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិក៏បានប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា កម្ពុជាចាត់ទុកថាវាជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ឧត្តមសេនីយ៍ឯកបន្ដថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ដោយសារ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។
ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា កម្ពុជាសូមធ្វើការគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានអះអាងថា កម្ពុជាក៏តែងតែបានរម្លឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ហេតុដូចនេះ គ្រប់ភាគីពាក់ព័ន្ធគួរចៀសវាង ការធ្វើសេចក្តីសន្និដ្ឋានជាសាធារណៈណាមួយ មុនពេលរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការយល់ច្រឡំ ឈានដល់ការប្រឈមមុខដាក់គ្នានាំឱ្យមានភាពតានតឹងកើតឡើងសាជាថ្មី៕
ដោយ៖ មករា





