មន្ទីររៀបចំដែនដីចុះប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការពន្លឿនចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥-- លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានមានប្រសាសន៍ក្នុងកម្មវិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ថាការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធវាពិតជាមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អាចយកទៅប្រើប្រាស់ និងធ្វើជាឯកសារផ្លូវច្បាប់។

កម្មវិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានប្រព្រឹត្តទៅនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីសូរិយោដី អ្នកជំនាញពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក លី សុភា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី បានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដោយកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជាបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ លោកបានឱ្យដឹងទៀតថា ក្រុមការងារកំពុងបំពេញសកម្មភាពបោះបង្គោលព្រំចុះវាស់វែង និងមានប្រជាពលរដ្ឋមកបំពេញឯកសារសុំសិទ្ធិកាន់កាប់ដីធ្លីលក្ខណៈជាប្រពន្ធ័បានចំនួន ៥១៤នាក់ ស្មើនឹងក្បាលដីចំនួន ៣.៩៨៧ក្បាលដី ព្រមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជួយសហការជាមួយមន្ត្រីជំនាញ ដើម្បីឱ្យដំណើរការងារចុះកំណត់ព្រំ វាស់វែង និងបំពេញឯកសារទទួលសិទ្ធិកាន់កាប់ដីធ្លីលក្ខណៈជាប្រពន្ធ័នាពេលនេះប្រព្រឹត្តទៅដោយរលូនឆាប់រហ័ស ដើម្បីឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែងនិងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដីនិង បញ្ជីឈ្មោះម្ចាស់ដី។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការ ផ្ទៀងផ្ទាត់ឈ្មោះស្ថានភាព គ្រួសារនិងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ចុះបញ្ជីចេញបណ្ណ និងចែកបណ្ណកម្មសិទ្ធិជូនម្ចាស់ដី៕
ដោយ បៃ ស៊ីថុន





