អង្គការ WWF មន្ទីរបរិស្ថានខេត្តគិរី និងសិស្សានុសិស្សជាង១០០នាក់ ប្រារព្ធទិវាសត្វដំរីពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥-- ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន អង្គការ WWF-កម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានប្រារព្ធទិវាសត្វដំរីពិភពលោក នៅទីស្នាក់ការដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីសិស្សានុសិស្សជាច្រើន ក្រោមប្រធានបទ «រួមគ្នា ដើម្បីការពារសត្វដំរីរបស់កម្ពុជាទាំងអស់គ្នា»។ ដោយភ្ជាប់ជាមួយនឹងទិវាយុវជនអន្តរជាតិ ការរៀបចំទិវានេះ បានបង្ហាញពីតួនាទីរបស់យុវជនក្នុងការគាំទ្រការអភិរក្ស និងសារៈសំខាន់នៃការងារល្បាតរបស់មន្ត្រីឧទ្យានុរក្សសម្រាប់ការពារទីជម្រករបស់សត្វដំរី។

សិស្សានុសិស្ស រួមទាំងសហគមន៍ បានចូលរួមកម្មវិធីដូចជា៖ ទី១. ការសិក្សាស្វែងយល់អំពីការងារអភិរក្ស ការសិក្សាស្រាវជ្រាវជីវៈចម្រុះ និងវិធីនៃការកែប្រែជម្លោះទៅជាសុខដុមនីយកម្ម រវាងមនុស្ស និងសត្វដំរី។ ទី២. ការធ្វើបទបង្ហាញ «ផែនទីនៃក្តីសុបិន» ពីតំណាងសហគមន៍នៅកោះម្យើល អំពីរបៀប ឬទំនាក់ទំនងនៃការរស់នៅបានប្រសើររវាងមនុស្ស និងសត្វដំរី។ ទី៣. ការដើរក្នុងព្រៃជាមួយមន្ត្រីឧទ្យានុរក្សដោយមានការចែករំលែក និងបំផុសគំនិតដល់សិស្សឱ្យចូលរួមក្នុងសម្ព័ន្ធមិត្តសត្វដំរី និងប្តេជ្ញាមិនបរិភោគសាច់សត្វព្រៃ និងគាំទ្រផលិតផលឈើប្រណីត។

តាមរយៈការចូលរួមរបស់សិស្សានុសិស្ស និងសុន្ទរកថារបស់ថ្នាក់ដឹងនាំ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទាំងអស់គ្នាក្នុងការការពារធនធានធម្មជាតិរបស់កម្ពុជាដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងទីជម្រកដ៏មានសារៈសំខាន់របស់សត្វព្រៃ៕


ដោយ ណយ នឿន (ប្រភព៖ WWF)





