សិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥-- នៅវិទ្យាស្ថានជាតិសង្គមកិច្ច ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជូនដល់គណៈគ្រប់គ្រងមណ្ឌល មន្ត្រីមជ្ឈមណ្ឌល មណ្ឌល និងនិស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ចសរុបចំនួន ២០០នាក់។

តាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបានការអភិវឌ្ឍសមត្ថភាព យល់ដឹងបានកាន់តែច្បាស់ អំពីការអនុវត្តការងារជាក់ស្តែងនៅក្នុងមជ្ឈមណ្ឌល ក្នុងការជួយដល់ជនរងគ្រោះដែលទទួលបានសេវាព្យាបាល និងស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មវិលត្រឡប់ទៅក្រុមគ្រួសារ និងសហគមន៍វិញប្រកបដោយប្រសិទ្ធភាព។

សូមបញ្ចាក់ថា សិក្ខាសាលានេះ តាមរបៀបវារៈសំខាន់ចំនួនពីរ៖ ទី១. ការធ្វើបទបង្ហាញ ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការស្តារនីតិសម្បទា និងទី២. ការធ្វើបទបង្ហាញ ស្តីពីបទដ្ឋានអប្បបរមាសម្រប់មជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





