អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី ការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥-- អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី ការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានសាខា និងទីស្នាក់ការ លោក លោកស្រីនាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំង ឯកឧត្តម លោកជំទាវអភិបាលរងរាជធានី ខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ និងលោកស្នងការរងនគរបាលរាជធានី ខេត្ត អធិការរងនគរបាល ក្រុង ស្រុក ខណ្ឌ ទទួលបន្ទុកការងារអត្តសញ្ញាណកម្ម និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការរដ្ឋបាលឃុំ សង្កាត់ តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលមានសមាសភាពចូលរួមសរុប ៥,៧៩៩នាក់។


បើតាមការលើកឡើងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កិច្ចប្រជុំនេះដែរក៏មានធ្វើបទបង្ហាញអំពីនីតិវិធីនៃការអនុវត្តការងារផ្ដល់សេវាអត្តសញ្ញាណកម្ម ដោយការធ្វើបទបង្ហាញស្តីពីបទអន្តរាគមន៍របស់នាយកដ្ឋានជំនាញចំនួន៣ គឺនាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមាន ការងារចុះសំបុត្រកំណើតការងារអត្រានុកូលដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋការគ្រប់គ្រងការស្នាក់នៅ និងការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញឱ្យមន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងផ្ដល់ឯកសារជូនដល់ប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីប្រទសថៃវិញឱ្យបានលឿន និងឆាប់រហ័ស ផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋខ្មែរ ក្នុងការស្នើសុំប្រើប្រាស់សេវារដ្ឋបាលផ្សេងៗទៀត តាមតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។


សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់សហការជាមួយក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីសម្រួលការទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋពីប្រទេសថៃ ការដឹកជញ្ជូនដោយឥតគិតថ្លៃទៅកាន់ស្រុកកំណើត ការផ្ដល់ជំនួយឧបត្ថម្ភគាំទ្រ និងការបង្កលក្ខណៈឱ្យពួកគាត់ចាប់យកឱកាសការងារថ្មី រួមទាំងកុមារដែលត្រូវទទួលការសិក្សា ខណៈមកទល់ពេលនេះមានប្រជាពលរដ្ឋខ្មែរវិលពីប្រទេសថៃប្រមាណជិត១លាននាក់ហើយ៕

ដោយ ទូច វលក័្ខណ (ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម)





