រាជរដ្ឋាភិបាលកម្ពុជា រក្សាជំហរច្បាស់លាស់និងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងយន្កការច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែនត្រូវធ្វើឡើងដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងយន្កការច្បាប់អន្តរជាតិ មិនមែនជាការប្រើប្រាស់កម្លាំងយោធានោះឡើយ។

ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់សាជាថ្មីដូច្នេះ ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់រសៀលថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ប្រាប់ដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិឱ្យបានជ្រាបពីជំហរច្បាស់លាស់ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា២ចំណុចបន្ថែមទៀតគឺ៖

ទី១. ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងយកការទទួលខុសត្រូវជាធំ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុង ភូត្រាចាយ៉ា ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនិងសហរៀបចំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ហើយកិច្ចព្រមព្រៀងនេះ បានចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៨ខែកក្កដាដដែល។
ទី២. កម្ពុជាគោរពយ៉ាងពេញលេញនូវលទ្ធផលដែលបានឯកភាពគ្នាទាំង១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ(GBC) កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២៥ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជាពិសេសចំណុចព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។ ភាគីទាំងពីរក៏មិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការចល័តទ័ពទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។
កម្ពុជាសូមអំពាវនាវដោយទទូចជាថ្មីម្ដងទៀត ឱ្យភាគីថៃបង្ហាញសុឆន្ទៈក្នុងការគោរពយ៉ាងម៉ឹងម៉ាត់និងដោយស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងនេះ ដូចគ្នាដែរ៕
ដោយ៖ គង់ សិរីរ័ត្ន





